ពន្ធដារ ជំរុញឱ្យអ្នកលក់យានយន្តនៅកម្ពុជាធ្វើការចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធដើម្បីធានាការប្រកួតប្រជែងស្មើភាពគ្នា

ភ្នំពេញ៖ អគ្គនាយករដ្ឋានពន្ធដារ អំពាវនាវដោយជំរុញឱ្យបណ្តាអ្នកលក់យានយន្តនៅកម្ពុជាចូលរួមចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធ ដើម្បីធានានូវការប្រកួតប្រជែងប្រកបដោយស្មើភាពគ្នា និងលើកកម្ពស់វប្បធម៌ បង់ពន្ធ និងអនុលោមភាពសារពើពន្ធ។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីការផុ្តល់សេវាពន្ធសារជូនសហគ្រាសទិញ-លក់ រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធដែលរៀបចំដោយ អគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយលោក កែន សម្បត្តិ និងលោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន​ពន្ធដារ ជាតំណាងរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ សាខាពន្ធដារខណ្ឌ ព្រមទាំងវិស័យឯកជន ជាពិសេស សមាជិកពីសមាគមអ្នកលក់យានយន្តកម្ពុជា(Cambodia Auto Dealers Association-CADA) ចំនួន ៥០រូប ដែលដឹកនាំដោយលោក ឈុន គឹមស្រ៊ុន ជាប្រធានសមាគម ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយើងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងកិច្ចប្រជុំ លោក ហេង សុខណាង បានលើកឡើងថា ការធ្វើកិច្ចប្រជុំនេះ ដើម្បីបង្ហាញពីសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់លើការឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងសារពើពន្ធរបស់អ្នកលក់យានយន្តនៅកម្ពុជា។

បន្ថែមពីនេះ លោកបានអំពាវនាវឱ្យសមាគមអ្នកលក់យានយន្តកម្ពុជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការចងក្រង ពង្រីកសមាជិកឱ្យកាន់តែច្រើន ដើម្បីជំរុញដល់ការងារចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវដើម្បីធានានូវតម្លាភាព និងការប្រកួតប្រជែងអាជីវកម្មដោយស្មើភាព។

ជាមួយគ្នានេះ លោក កែន សម្បត្តិ បានលើកឡើងជុំវិញច្បាប់ស្តីពីសារពើពន្ធ តាមមាត្រា២០៣ ផងដែរថា បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុង ១៥ថ្ងៃក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬសកម្មភាពផ្សេងទៀត រួមទាំងសកម្មភាពរបស់ស្ថាប័ន ឬអង្គការនានា។

បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធ ក្នុងអំឡុងពេល ១៥ថ្ងៃ ក្រោយពីការផ្លាស់ប្តូរអាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេ ការបញ្ឈប់អាជីវកម្ម សមាសភាពអ្នកគ្រប់គ្រង ឬអ្នកទទួលបន្ទុកកិច្ចការពន្ធដាររបស់សហគ្រាស។

លោកក៏បានអំពាវនាវឱ្យអ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ ព្យាយាមឈ្វេងយល់ឱ្យកាន់តែច្បាស់ថែមទៀតនូវបទប្បញ្ញត្តិ នីតិវិធីនៃការចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចនេះឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់វប្បធម៌បង់ពន្ធ និងអនុលោមភាពសារពើពន្ធ និងលើកទឹកចិត្តឱ្យអ្នកប្រកបអាជីវកម្មលក់យានយន្តបំពេញកាតព្វកិច្ច។

ទន្ទឹមនឹងនោះ លោក ទី សុខុន ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម បានស្នើសុំនូវកិច្ចសហការពីសមាគមអ្នកលក់យានយន្តកម្ពុជាដើម្បីផ្តល់នូវបញ្ជីឈ្មោះសមាជិកខ្លួនទាំងអស់ ដែលបានចុះបញ្ជីពន្ធដារររួចរាល់ ដើម្បីឱ្យខាងនាយកដ្ឋានពន្ធដារផ្តល់នូវសេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

បើតាមលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ គិតមកដល់ពេលនេះ មានសហគ្រាសប្រកបអាជីវកម្មលក់យានយន្តសរុបចំនួន ៥១៨ សហគ្រាសហើយ ដែលបានចុះបញ្ជីពន្ធដាររូចរាល់ និងបាននិងកំពុងបំពេញកាតព្វកិច្ចសារពើពន្ធនៅកម្ពុជា៕ដោយ៖ សំបាន ច័​ន្ទដារ៉ា

ads banner