Grab ក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅអាស៊ីអាគ្នេយ៍បានកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួនរហូតដល់ ១ ០០០នាក់
សិង្ហបុរី៖ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនកម្មវិធីដឹកជញ្ជូនអាហារ និងដឹកអ្នកដំណើរឈានមុខគេនៅអាស៊ីអាគ្នេយ៍បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការកាត់បន្ថយការងារចំនួន ១000 មុខងារ ដែលស្មើនឹង ១១ភាគរយនៃកម្លាំងពលកម្មរបស់ខ្លួនទាំងអស់។
Grab គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ផ្ដល់នូវសេវាកម្មដឹកជញ្ជូនអាហារ ដឹកអ្នកដំណើរ និងសេវាកម្មហិរញ្ញវត្ថុនៅក្នុងបណ្តាតំបន់អាស៊ីអាគ្នេយ៍ចំនួនប្រាំបីប្រទេស។ ម្ចាស់របស់ក្រុមហ៊ុន Grab បានលើកឡើងថា ការកាត់បន្ថយនេះគឺចាំបាច់ដើម្បីកាត់បន្ថយការចំណាយ និងធានានូវសេវាកម្មដែលមានតម្លៃសមរម្យក្នុងរយៈពេលយូរ។
នៅក្នុងឆ្នាំ ២០១៨ ក្រមហ៊ុន Grab បានកាន់កាប់ប្រតិបត្តិការរបស់គូប្រជែង Uber ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងតំបន់។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Grab លោក Anthony Tan បាននិយាយថា ការកាត់បន្ថយការងារនេះគឺជាចំនួនដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩មក ហើយវាមិនមែនជា “ការរកផ្លូវកាត់ដើម្បីផលចំណេញសម្រាប់ក្រុមហ៊ុននោះទេ”។
លើសពីនេះ លោកក៏បានមានបញ្ជាក់ពីផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មី និងការកើនឡើងនៃការចំណាយលើការខ្ចីប្រាក់ លោកថា៖ “វាមិនមែនការការផ្លាស់ប្ដូរនោះទេ គឺដោយសារតែបច្ចេកវិទ្យាដូចជា AI ជំនាន់ថ្មី (បញ្ញាសិប្បនិម្មិត) កំពុងវិវឌ្ឍន៍ខ្លួន និងវាយលុកជាខ្លាំងនាពេលបច្ចុប្បន្ននេះ។ ហេតុនេះ ទើបធ្វើឱ្យមានការចំណាយដើមទុនកាន់តែកើនឡើង ហើយវាបានជះឥទ្ធិពលនៅក្នុងការប្រកួតប្រជែងក្នុងក្រុមហ៊ុនរបស់ពួកយើង”។
កាលពីខែមីនា ឆ្នាំ ២០១៨ ក្រុមហ៊ុន Grab បានប្រកាសថាខ្លួនបានទិញប្រតិបត្តិការរបស់ Uber នៅក្នុងតំបន់ នៅក្នុងកិច្ចព្រមព្រៀងមួយ ខ្លួនបានរៀបរាប់ថាវាជា៖ ”គឺជាកម្មវិធីដ៏ធំមួយ មិនធ្លាប់មាននៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍”។ ក្រុមហ៊ុននោះគឺជាក្រុមហ៊ុនកម្មវិធីទូរស័ព្ទមួយគេហៅថា “super-app” និងគេស្គាល់ថាជា “Uber of Southeast Asia” ផ្តល់សេវាកម្មជាច្រើនទូទាំងតំបន់ ហើយមានវត្តមាននៅក្នុងប្រទេសដូចជា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ទន្ទឹមនឹងដែរ Grab បានបន្ថែមថា ការកាត់បន្ថយការងារទៅលើបុគ្គលិករបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២០ ដែលមានការបញ្ឈប់បុគ្គលិកដល់ទៅចំនួន ៣៦០ មុខងារដោយសារជំងឺរាតត្បាតកូវីត-១៩។
ចំណែកឯ ក្រុមហ៊ុនដឹកអ្នកដំណើររបស់ឥណ្ឌូណេស៊ី GoTo ដែលជាគូប្រជែងរបស់ Grab នៅអាស៊ីអាគ្នេយ៍ ក៏បានកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនប្រហែល ១២ភាគរយកាលពីឆ្នាំមុនផងដែរ ហើយក្រុមហ៊ុនមួយនេះ បានបន្តធ្វើការកាត់បន្ថយការងារបុគ្គលិករបស់ខ្លូនចំនួន ៦០០ ផ្សេងទៀតនៅក្នុងខែមីនាកន្លងមក។
ដូចគ្នានេះដែរ អំឡុងពេលខែមីនា ក្រុមហ៊ុនដឹកជញ្ជូនអាហារ Just Eat បាននិយាយថា ខ្លួននឹងកាត់បន្ថយការងារបុគ្គលិកចំនួន ១៨៧០ មុខងារនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមានការធ្លាក់ចុះទៅលើការលក់នៅក្នុងក្រុមហ៊ុនរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា កាលពីមេសាកន្លងមក កម្មវិធីជិះឡានក្រុងរបស់សហរដ្ឋអាមេរិក Lyft បានប្រកាសថាខ្លួននឹងកាត់បន្ថយការងារបុគ្គលិករបស់ខ្លួនជាង ១០០០ ឬច្រើនជាងមួយភាគបួននៃកម្លាំងការងារទាំងអស់របស់ខ្លួន។ Lyft បានបន្តថា ខ្លួននឹងមិនជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងថ្មី ២៥០ នាក់ទៀតនោះទេ៕
ប្រែសម្រួល៖ នី ស្រីពៅ
ប្រភពព័ត៌មាន៖
Grab: Southeast Asia’s leading ride-hailing firm cuts 1,000 jobs https://www.bbc.com/news/business-65969751