ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ កុំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅបញ្ចាំក្នុងការធានានូវប្រាក់កម្ចីរបស់ខ្លួន

ខេត្តបាត់ដំបង៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ដាក់ចេញនូវវិធានការចាំបាច់ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមទាំងមុនការបោះឆ្នោត ទាំងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រុក-ក្រុងនៅក្នុងខេត្តគ្រប់ បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានឯកជនទាំងអស់ ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវករណីដែលប្រជាពលរដ្ឋមួយចំនួនតូចបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅរបស់ខ្លួន យកទៅបញ្ចាំជាមួយ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងប្រតិបត្តិករឥណទានជនបទមួយចំនួនទាំងនោះត្រូវតែបញ្ឈប់ជាបន្ទាន់ ។

ការថ្លែងដាក់ចេញវិធានការបន្ទាន់ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់លុបបំបាត់ពីបាតុភាព កើតមានបែបនេះ ខណៈករណីខាងលើនេះ បានកើតឡើងក្នុងស្រុកបាណន់ ដែលទាក់ទិនពីករណីដែលជនជាតិឥណ្ឌា ចំនួន ៦រូប បានប្រកបរបរចងការប្រាក៎ជាមួយប្រជាពលរដ្ឋ នៅតាមបណ្តាឃុំមួយចំនួនរបស់ស្រុកកន្លងមក តាមរូបភាព”កម្ចីប្រាក់” ដោយដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬសៀវភៅគ្រួសារ ធ្វើជាវត្ថុធានាក្នុងការផ្តលឥណទាន (ប្រាក់កម្ចី)ដល់បងប្អូនទាំងនោះដែលជាការអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណីនិងបទប្បញ្ញត្តិធរមាន។

លោក ស្រេង សុខា អភិបាលស្រុក បានគូសថា៖ករណីសកម្មភាពចងការប្រាក់ឱ្យប្រជាពលរដ្ឋ ដោយទាមទារយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត កាតគ្រី និងប័ណ្ណបើកបរធ្វើជាទ្រព្យបញ្ចាំ ក្នុងស្រុកបាណន់ របស់ខ្លួនដោយក្រុមការងារបានចុះអនុវត្តពិនិត្យឃើញថាមានប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិថ្មី ឃុំតាគ្រាម បានខ្ចីចងការប្រាក់ពីជនជាតិឥណ្ឌាដោយដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។និងបានកោះហៅជនជាតិឥណ្ឌា ចំនួន ៦នាក់ មកសាកសួរនៅសាលាឃុំតាគ្រាម ដោយពួកគេបានសារភាពថា៖ ពិតជាបានផ្ដល់កម្ចីចងការប្រាក់ឱ្យប្រជាពលរដ្ឋ ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើជាទ្រព្យបញ្ចាំ ពិតប្រាកដមែន។

ក្រោយការចុះស្រាវជ្រាវបន្ថែមរដ្ឋបាលស្រុកបានរកឃើញករណីសកម្មភាពចងការប្រាក់ឱ្យប្រជាពលរដ្ឋ ដោយទាមទារយក អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ កាតគ្រីម៉ូតូ សំបុត្រកំណើត ធ្វើជាទ្រព្យបញ្ចាំ តាមបណ្តាឃុំទាំង៨ ក្នុងស្រុកបាណន់ ដោយក្នុងនោះ ករណីអត្តសញ្ញាណប័ណ្ណ មានចំនួន ១២១នាក់ និង ករណីឯកជន(ក្រៅពីឥណ្ឌា)ចំនួន ២៥នាក់ និងបណ្តាអង្គការ,ស្ថាប័ន,ក្រុមហ៊ុន ចំនួន ៣នាក់ ។ ព្រមទាំងករណីសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ មានចំនួន ២នាក់ផងដែរ ៕ ដោយ ៖ អ៊ុក សំអាន

ads banner