រាជរដ្ឋាភិបាលសហការ ជាមួយវិស័យឯកជន បើកយុទ្ធនាការផ្សព្វផ្សាយ អំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងប្រឆាំងការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាប្រៀរ អង្គរ) បានរួមគ្នាបើកយុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!»។

យុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!» មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអប់រំអ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពិសាគ្រឿងស្រវឹងហើយ មិនត្រូវបើកបរ។ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុទ្ធនាការនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះផងដែរ។ ឯកឧត្តមបន្តថា ក.ប.ប កំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាជាមួយវិស័យឯកជន ក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹង ក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។

ចំណែកឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ និងបានបញ្ជាក់ថា គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ នឹងរួមជាប្រយោជន៍ ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈទាក់ទងនឹងការពិសាគ្រឿងស្រវឹង ជាពិសេសក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ រីឯលោក Vladimir Vava អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានបញ្ជាក់ថា «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ» ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានទាំងគោលដៅ និងផែនការសកម្មភាពជាក់លាក់ និងជាផ្នែកនៃគោលបំណងនិរន្តរភាពរបស់ក្រុមហ៊ុន គឺ «អភិវឌ្ឍឲ្យកាន់តែប្រសើរ ទាំងថ្ងៃនេះ និងថ្ងៃស្អែក»។

ក្រុមហ៊ុនក៏បានសម្តែងនូវសុទិដ្ឋិនិយមដែរថា ក្រោមកិច្ចសហការ ការជួយជ្រោមជ្រែក និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល អតិថិជន អ្នកប្រើប្រាស់ និងការចូលរួមពីដៃគូពាក់ព័ន្ធនានានៃឧស្សាហកម្មគ្រឿងស្រវឹង គឺជាគន្លឹះដ៏សំខាន់ ដែលនឹងផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ប្រកបដោយភាពវិជ្ជមាន។ ហើយខណៈពេលនេះ ក្រុមហ៊ុន ខេមប្រ៊ូវ ក៏កំពុងស្វែងរកដៃគូបន្ថែមទៀត ដើម្បីចូលរួមដំណើរជាមួយគ្នាឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើររួមគ្នា៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner