បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា អាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន៤សំខាន់ៗ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន៤សំខាន់ៗរួមមាន៖ ទី១.សមិទ្ធផលនៃតឹកតាងប្រវត្តិសាស្ត្រ ចក្ខុវិស័យ និងសកម្មភាពជាប្រចាំរបស់គណបក្ស ដោយឈរលើបុព្វហេតុជាតិ និងប្រជាជនយ៉ាងត្រឹមត្រូវ និងច្បាស់លាស់រាប់ចាប់ពីការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិតរបស់ប្រជាជនក្មេងចាស់ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវ គឺជំងឺកូវីដ-១៩ ទី២.ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើម្បីទទួលបានឱកាសក្នុងការរួមចំណែក ដើម្បីធ្វើឱ្យសង្គមជាតិយើងមានការវិវត្តន៍ក្នុងផ្លូវវិជ្ជមាន តាមរយៈការធ្វើពិតដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ទី៣.គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយប្រាកដនិយម មិនប្រជាភិថុត និងមិនសន្យានោះទេ ពិសេសបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្សដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន និងទី៤.គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ ហើយជាពិសេសគណបក្សតែងរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ ចាប់ពីកម្រិតកំពូលដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ និងទឹកដីកំណើតតែមួយ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយទង់ជាតិមានប្រាសាទអង្គរវត្តជាតំណាង។ យើងត្រូវមើលប្រវត្តិសាស្ត្រអំពីដើមកំណើតរួមរបស់យើង និងដំណើរវិវត្តដល់មកដល់បច្ចុប្បន្ន ក៏ដូចជាឯកភាពរួមគ្នាលើគោលដៅឆ្ពោះទៅអនាគត។ អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ចំពោះអនាគត គឺយើងមានគោលដៅកសាងពង្រឹងសមត្ថភាពកូនខ្មែរឱ្យខ្លាំងតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់យុវជន ពីព្រោះយុវជនគឺជាកម្លាំងស្នូលនៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមជាសកម្មជនយុវជនបក្ស ដែលជាជំនួយការរបស់បក្ស យើងទាំងអស់គ្នាមានភារកិច្ចបំផុសចលនាយុវជន ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស។ ក្នុងន័យនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ ស្នាដៃ សមិទ្ធផល លក្ខន្តិកៈ កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្ស ជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពលក្នុងការឃោសនាផ្សព្វផ្សាយដល់មហាជន ឱ្យបានជ្រាបច្បាស់ពីសមិទ្ធផលវិជ្ជមាន សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក កំពុងធ្វើ និងបន្តធ្វើដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើងបន្តទៅមុខជានិច្ចនិរន្តរ៍៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner