ស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បន្តកិច្ចគាំទ្រ ដល់ចរន្តអភិវឌ្ឍ ស្រុកបន្ទាយស្រី
សៀមរាប៖ ក្នុងកម្មវិធីកម្ពុជា-ចិន រួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បន្តកិច្ចគាំទ្រដល់ចរន្តអភិវឌ្ឍ ស្រុកបន្ទាយស្រី ។
លោកស្រី YANG LIHUA តំណាងអង្គការYUNDI មានប្រសាសន៍ថា ស្រុកបន្ទាយស្រី គឺជាគោលដៅដ៏សំខាន់មួយនៃសង្គមស៊ីវិលនានារបស់ខេត្តយូណាន ប្រទេសចិន ក្នុងការចូលរួមចរន្តអភិវឌ្ឍជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ។ លោកស្រីបន្តថា ការអនុវត្តគម្រោងបង្កើនសម្រស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រីនាពេលនេះគឺជាកម្លាំងសាមគ្គីរួមគ្នារវាង សមាគមមិត្តភាពខេត្តយូណាន ជាមួយបរទេស អង្គការYUNDI ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលស្រុកបន្ទាយស្រី និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ។
លោកស្រីបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៩មក តាមរយៈ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលចិននានាបានចូលរួមអនុវត្តនូវគម្រោងមួយចំនួនដូចជា គម្រោងពិនិត្យសុខភាពកុមារដែលមានជំងឺបេះដូងចំហ គម្រោងជីកស្រះទឹក គម្រោងកែលម្អជីវភាពរស់នៅ គម្រោងប្រើប្រាស់ចង្ក្រានសន្សំថាមពល គម្រោងផ្ទះបាយរបស់សិស្សនៅសាលាបឋមសិក្សា គម្រោងចែកកាតាបនិងសម្ភារៈសិក្សា គម្រោងអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។
លោក Liu Zhijie អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ទៅអង្គពិធីថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ ឆ្នាំនេះគឺជាខួបលើកទី ៦៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។
ក្នុងឱកាសនោះ សង្គមស៊ីវិលនានារបស់ខេត្តយូណានបានផ្តល់អំណោយជាធុងសំរាមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមរដ្ឋបាលឃុំ និងផ្ទះប្រជាជន ព្រមទាំងបានផ្តល់នូវសម្លៀកបំពាក់ កាបូបបរិស្ថាន កែវទឹក អំពូលលើតុប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ ជូនដល់ក្រុមការងារយុវជនដែលមានភក្តីភាព ក្នុងការចូលរួមលើកកម្ពស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រី ។
លោកបានបន្ថែមទៀតថា ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបនឹងបន្តលើកទឹកចិត្តដល់សប្បុរសជន និងសង្គមស៊ីវិលនានារបស់ប្រទេសចិន ឱ្យបន្តចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍ ក្នុងស្រុកបន្ទាយស្រីបន្ថែមទៀត។
លោក រិន ឡូត អភិបាល ស្រុកបន្ទាយស្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្ររបស់ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើការអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រី ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើនសម្រស់បរិស្ថាន និងការចូលរួមបំពេញបានតាមតម្រូវការជាក់ស្តែងរបស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី ហើយជាពិសេសថ្ងៃនេះបាននាំយកនូវអំណោយ និងដៃគូសង្គមស៊ីវិលនានារបស់ខេត្តយូណានមករួមកម្លាំងក្នុងចរន្តអភិវឌ្ឍស្រុកបន្ទាយស្រី ។
គួរបញ្ជាក់ថា គណៈប្រតិភូចិនបានទៅបំពេញទស្សនកិច្ចឈ្វេងយល់ពីសកម្មភាពអប់រំបរិស្ថាននៅក្នុងសាលាបឋមសិក្សាខ្នារសណ្តាយក្នុងឃុំខ្នារសណ្តាយ និងការលើកកម្ពស់សោភណភាពបរិស្ថាននៅតាមផ្ទះប្រជាជននៅក្នុងឃុំព្រះដាក់ទៀតផង ៕ ដោយ ង៉ាន់ ទិត្យ


