អនុប្រធានទី១ សហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជា កោតសសើរដល់ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីសហព័ន្ធក្នុងការ រៀបចំស៊ីហ្គេមនាពេលកន្លងមក

អត្ថបទដោយ៖
ជាវ ចន្ធូ

ខេត្តកំពត ៖ ឯកឧត្តម ប៉ាន សូរស័ក្កិ អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ចំពោះការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អប្រសើរនិងទទួលបានជោគជ័យគួជាទីមោទក។

ឯកឧត្តម រដ្ឋមន្រ្តី អនុប្រធានទី១នៃសហព័ន្ធ ក៏បានលើកសសើរអស់ពីដួងចិត្ត ចំពោះកីឡាករកីឡាការិនី ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តបញ្ចេញនូវសមាសភាព ទេពកោសល្យ ក្នុងការប្រកួតប្រជែងរហូតដណ្តើមបានមេដាយមាស២ ប្រាក់២ និង សំរិទ្ធ៤គ្រឿង សរុប៨គ្រឿង ដែលនេះជាតួលេខល្អប្រសើរលើសពីផែនការគ្រោងទុករបស់សហព័ន្ធដាក់ជូនគណៈកម្មាធិការជាតិCAMSOCមុនពេលប្រកួត។

ឯកឧត្តម ប៉ាន សូរស័ក្កិ បានលើកឡើងបែបនេះ ក្នុងឱកាសសំណេះសំណាល ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនដល់គណៈកម្មាការ គ្រូបង្វឹក កីឡាករកីឡាការិនី ដណ្តើមបានមេដាយ ពីការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ នាព្រឹកថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម អនុប្រធានទី១ បានគូសបញ្ជាក់ ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ប្រទេសកម្ពុជាយើងដណ្តើមបានមេដាយមាស៨១គ្រឿង ប្រាក់៧៤ និងមេដាយសំរិទ្ធ១២៧គ្រឿង សរុបទាំងអស់ចំនួន២៨២គ្រឿង ឈរនៅលេខរៀងទី៤ក្នុងចំណោមប្រទេសទាំង១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលទ្ធផលមេដាយខាងលើនេះបានបំបែកកំណត់ត្រានៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយ គឺជាព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្រ្តធំមួយបានលើកតម្កើងមុខមាត់ជាតិ ទាំងមូលក្រោមមាគ៍ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និង គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ទន្ទឹមនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលសម្តេចតែងតែបានយកចិត្តទុកដាក់ក្នុងការចង្អលបង្ហាញធ្វើការឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈនូវថវិកាផ្ទាល់របស់សម្តេចជារៀងរហូតមក ហើយជាក់ស្តែងនៅពេលនេះ សម្តេចក្រឡាហោម បានផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករកីឡាការិនី ដណ្តើមបានជ័យលាភី គ្រូបង្វឹក និងគណៈកម្មការ ដែលទាំងអស់នេះ បានសរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង គិតគូ និងយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះវិស័យកីឡា និងការខិតខំរបស់កីឡាករកីឡាការិនី គ្រូៗនិងមន្រ្តីសហព័ន្ធទាំងមូល។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ -ទូកនាគ“ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ខេត្តកំពត មាន ប្រទេសចូលរួម មានចំនួន ០៩ប្រទេស ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបទាំងអស់ចំនួន ២៥៨ រូប (ក្នុងនោះ កីឡាការិនី ៤៨ រូប)ថ្នាក់ដឹកនាំ គណៈកម្មការ មន្ត្រីបច្ចេកទេស រៀបចំការប្រកួត សរុប ៨១នាក់ ចំនួនវិញ្ញាសាប្រកួត មានចំនួន ១៣វិញ្ញាសា ក្នុងនោះកម្ពុជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយសរុប៨គ្រឿង មាស២ ប្រាក់២ និងសំរិទ្ធ៤គ្រឿង៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner