ឧត្តមសេនីយ៍ត្រី នៃ និយម៖ ត្រូវចេះដឹងគុណអ្នកដឹកនាំជំនាន់មុន ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ន
ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា ក្នុងនាមជា កូន ចៅជំនាន់ក្រោយ ជាយោធិន ត្រូវអប់រំកូនចៅនិងអ្នកបន្តវេនពីយើងត្រូវចេះដឹង គុណ អ្នកដឹកនាំជំនាន់មុនដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ រីកចម្រើន នាពេលបច្ចុប្បន្ន។ ឯកឧត្តម បន្ថែមថា មរតកដូនតាជំនាន់មុន បានបន្សល់ទុកសំរាប់កូនចៅជំនាន់ក្រោយ តទៅគ្រប់ជំនាន់ទៀត ហើយយើងត្រូវដឹងថា យើងពីមុនជាប្រទេសមួយដែលមានវប្បធម៌អរិយធម៌ដ៏ល្បីល្បាញ។ ហើយឥឡូវនេះតាមរយៈសុខសន្តិភាព ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជា ពីប្រទេសរងគ្រោះដោយភ្លើងសង្រ្គាម បានឈានដល់ការរីកចម្រើននៅលើគ្រប់វិស័យ ហើយឈានមកដល់ទទួលបានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ធំៗថ្នាក់ពិភពលោក ជាក់ស្តែង ព្រឹត្តិការណ៍នៃការប្រគួតកីឡាស៊ីហ្គេម និងការប្រគួតកីឡាប៉ារ៉ាហ្គេម ដែលកម្ពុជាយើងបានរៀបចំយ៉ាងល្អល្បី រន្ទឺ ពេញពិភពលោក។

ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្រ្ត របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល។

ក្រៅអំពីការលើកឡើងនូវចំណុចសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លង ពោលគឺចាប់តាំងពីការរំដោះជាតិមាតុភូមិពីភ្នក់ភ្លើងសង្រ្គាម ឈានមកដល់ការអភិវឌ្ឍន៍ រីកចម្រើនដូចបច្ចុប្បន្ននេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ដើម្បីបន្តការរីកចម្រើននតទៅមុខទៀត ។

ឯកឧត្តម មេបញ្ជាការ ក៏បានផ្តល់កិត្តិយស ធ្វើការប្រគល់នូវបណ្ណសរសើររបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដល់ក្រុមគ្រូពេទ្យដែលបានចូលរួមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 នាពេលកន្លងមក និងបាននាំមកជាមួយនូវថវិកា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងអំណោយគ្រឿងឧបភោគបរិភោគ សប្បុរសជន ចែកជូន នាយទាហាន នាយទាហានរង ជាមេបញ្ជាការ មេបញ្ជាការរង នាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរៈផងដែរ ៕ ដោយ ង៉ាន់ ទិត្យ

