រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលបំផ្លាញចោលនូវឧបាយកល របស់ក្រុមប្រឆាំងរារាំងដំណើរការបោះឆ្នោត ត្រូវបានអនុម័តទាំងស្រុងនៅថ្ងៃសុក្រ ទី២៣ មិថុនា ក្នុងសម័យប្រជុំរដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ សេចក្តីព្រាងច្បាប់នេះបានទទួលការគាំទ្រទាំងស្រុងពីសម្លេងចូលរួមចំនួនសរុប១១១នាក់។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣មិថុនា បានស្នើកែទម្រង់ច្បាប់លើសិទ្ធិបោះឆ្នោត បន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងបានដាក់ចេញនូវឧបាយកលទុច្ចរឹតព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
សេចក្តីព្រាងបានសរសេរថាការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតណា ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះនឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាថ្ងៃទី២៣មិថុនា «គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» សម្តៅការលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារិកនៅក្នុងរដ្ឋធម្មនុញ្ញ…និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិ, ទាំងនៅថ្នាក់ក្រោមជាតិ»។