សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)
សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដានៅសល់តែរយៈពេល ១ខែទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃសុក្រ ទី២៣ មិថុនានេះ។
សេចក្តីរាយការណ៍នៅថ្ងៃនេះ បានបង្ហាញការស្នើសុំចូលរួមធ្វើជីវភាពនយោបាយ របស់សកម្មជនគណបក្សភ្លើងទៀន នៅក្នុងរាជធានីភ្នំពេញ, និងខេត្តកំពង់ចាម។ យុវតីម្នាក់ឈ្មោះ ហាន់ ស៊ូជីន ដែលគេស្គាល់ថាធ្លាប់ជាអ្នកជឿជាក់ផ្កាប់មុខលើក្រុមប្រឆាំង និងមេខ្លោងក្បត់ជាតិ៣ជំនាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ឈប់ជឿនយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី។
គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ ក្រោមការលុះនឹងឧបាយកលពីក្រុមជាមេខ្លោងនៅក្រៅប្រទេស, មេខ្លោងគណបក្សភ្លើងទៀន បានព្រមានថា នឹងធ្វើបាតុកម្មប្រឆាំងតវ៉ាថែមទៀត ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ ប្រាប់ទៅវិញថា គេនឹងអនុវត្តច្បាប់ចំពោះអំពើរឹងរូសប្រឆាំងនឹងច្បាប់។
ការដើររបស់គណបក្សភ្លើងទៀន ដែលបង្កអំពើញុះញង់ទាំងឡាយនោះហើយ បានធ្វើឱ្យសកម្មជននានា បាននាំគ្នាដើរចេញ ពីគណបក្សភ្លើងទៀន និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងខេត្តកំពង់ចាម, សកម្មជនរបស់គណបក្សភ្លើងទៀនត្រូវគេឃើញថា បាននាំគ្នាផ្តួលរំលំ ស្លាកគណបក្សចោល និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣មិថុនានេះ។
ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។
ក្នុងសប្តាហ៍នេះផងដែរសកម្មជនគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន, ខេត្តកំពត, នៅរាជធានីភ្នំពេញ, ពីខេត្តត្បូងឃ្មុំ និងពីសហរដ្ឋអាមេរិក ត្រូវគេឃើញថាបាននាំគ្នាសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ នៅមុនការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឈានមកដល់។