ថៃទាមទារឱ្យស្រីលង្កាបញ្ជូនដំរីរបស់ខ្លួនត្រលប់មកកាន់ប្រទេសថៃវិញ

បាងកក៖ សត្វដំរីមានជំងឺមួយក្បាលកំពុងត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏លំបាកចាកចេញពីប្រទេសស្រីលង្កា ត្រលប់មកផ្ទះវិញនៅក្នុងប្រទេសថៃ បន្ទាប់ពីមានជម្លោះការទូតរវាងប្រជាជាតិអាស៊ីទាំងពីរ ជុំវិញការធ្វើបាបសត្វដំរីនោះ។

Read. ដំរីមួយក្បាលដែលស្រីលង្កាដាក់ឈ្មោះថា Muthu Raja ឬ ថៃហៅឈ្មោះថា សាក់ សុរិន្ទ អាយុ ២៩ឆ្នាំ ត្រូវបានអាជ្ញាធរថៃធ្វើជាអំណោយជូនទៅប្រទេសស្រីលង្កាកាលពីឆ្នាំ ២០០១។ ប៉ុន្តែពួកគេបានទាមទារសត្វដំរីនេះត្រលប់មកវិញកាលពីឆ្នាំ ២០២២ បន្ទាប់ពីមានការចោទប្រកាន់ថា ដំរីនេះបានទទួលរងនូវការធ្វើទារុណកម្ម និងខ្វះការយកចិត្តទុកដាក់ ខណៈពេលវាត្រូវបានគេបញ្ជូនទៅនៅវត្តព្រះពុទ្ធសាសនាមួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃប្រទេសស្រីលង្កា។

ពេទ្យសត្វស្រីលង្កា អ្នកនាង Madusha Perera ដែលមើលថែទាំសត្វដំរីនេះ បាននិយាយថា ការរៀបចំកំពុងធ្វើឡើង ក្នុងការបញ្ជូនដំរី សាក់ សុរិន្ទ តាមជើងហោះហើរត្រឡប់ទៅកាន់ប្រទេសថៃវិញ ដើម្បីព្យាបាលរបួសរបស់វា។ អ្នកមើលថែសត្វជនជាតិថៃ ៤នាក់ និងជនជាតិស្រីលង្កាមួយចំនួនទៀតកំពុងហ្វឹកហាត់ដំរី សាក់ សុរិន្ទ ដែលមានទម្ងន់ ៤,០០០គីឡូក្រាម ឱ្យចេះឈរនៅក្នុងទ្រុងដែលមានទំហំប៉ុនទូរកុងតឺន័រ ដើម្បីអាចឱ្យវាសម្របខ្លួនបាន សម្រាប់ការហោះហើរដែលត្រូវបានគេរំពឹងថា ទៅកាន់ទីក្រុងឈៀងម៉ៃ នៅថ្ងៃទី០១ ខែកក្កដាខាងមុខ។

ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីស្រីលង្កា លោក ឌីណេស ហ្គូណាវ៉ាដេណា បានប្រាប់សភាក្នុងខែនេះថា រូបលោកបានសម្តែងការសោកស្តាយដោយផ្ទាល់ទៅកាន់ព្រះមហាក្សត្រថៃ ចំពោះការធ្វើបាបដំរីនេះ។ លោក ហ្គូណាវ៉ាដេណា បាននិយាយយ៉ាងដូច្នេះថា ខ្ញុំអាចបង្កើតជំនឿទុកចិត្តសាជាថ្មីរវាងប្រទេសទាំងពីរបាន បន្ទាប់ពីការចូលគាល់ព្រះមហាក្សត្រថៃ។

បើតាមរដ្ឋមន្ត្រីសត្វព្រៃស្រីលង្កា លោកស្រី ផាវីត្រា វ៉ាន់នីរ៉ាច់ឈី ប្រទេសថៃបានទាមទារដាច់ខាត សម្រាប់ការបញ្ជូនដំរី សាក់ សុរិន្ទ ត្រឡប់ទៅកាន់ប្រទេសថៃវិញ បានកើតមានឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ថៃប្រចាំនៅទីក្រុងកូឡុំបូ បានទៅសួរសុខទុក្ខដំរី សាក់ សុរិន្ទ នៅវត្តព្រះពុទ្ធសាសសនាមួយកាលពីឆ្នាំមុន ហើយបានដឹងថា ដំរីនេះមានសុខភាពមិនល្អ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner