ទឹកជំនន់វាយប្រហារតំបន់អាស៊ីខាងត្បូង ធ្វើឱ្យមនុស្ស ១៩នាក់ស្លាប់ និងរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង

កដ្ឋមណ្ឌូ៖ យ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ដែលបង្កឡើងដោយខ្យល់មូសុងប្រចាំឆ្នាំរបស់តំបន់អាស៊ីខាងត្បូង ជាមួយនឹងការធ្លាក់ភ្លៀងឥតឈប់ឈររយៈពេលមួយសប្តាហ៍ បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ស្វែងរកទីជម្រកនៅក្នុងប្រទេសឥណ្ឌា។

គ្រោះទឹកជំនន់ជារឿយៗតែងតែបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងរដូវខ្យល់មូសុង ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ ភាពសាហាវ និងមិនអាចទាយទុកជាមុនបាន។ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីកាលពីចុងសប្តាហ៍មុននៅក្នុងប្រទេសនេប៉ាល់បានកើនឡើងដល់ ១៤នាក់ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ដោយមនុស្សជាង ២០នាក់នៅតែបាត់ខ្លួន នេះបើតាមការបញ្ជាក់របស់មន្ត្រីនេប៉ាល់។

ប្រទេសបង់ក្លាដែសក៏ស្ថិតក្នុងការប្រុងប្រយ័ត្នផងដែរ បន្ទាប់ពីមន្រ្តីព្យាករឧតុនិយមបានព្រមាន អំពីគ្រោះទឹកជំនន់ដែលអាចកើតមាននៅក្នុងស្រុកភាគខាងជើងជាប់ព្រំដែនប្រទេសឥណ្ឌា។ ខ្យល់មូសុងរដូវក្តៅអាស៊ី គឺជាខ្យល់សមុទ្រដ៏ធំសម្បើម ដែលធ្វើឱ្យប្រទេសនៅតំបន់អាស៊ីខាងត្បូង ពី៧០ ទៅ៨០ភាគរយ មានភ្លៀងធ្លាក់ប្រចាំឆ្នាំ នៅចន្លោះខែមិថុនា ដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ វាមានសារៈសំខាន់ណាស់សម្រាប់វិស័យកសិកម្ម ក៏ដូចជាសម្រាប់ជីវភាពរស់នៅរបស់កសិកររាប់លាននាក់ និងសន្តិសុខស្បៀងនៅក្នុងតំបន់ដែលមានប្រជាជនប្រហែលពីរពាន់លាននាក់។ប៉ុន្តែវាក៏នាំមកនូវការបំផ្លិចបំផ្លាញជារៀងរាល់ឆ្នាំផងដែរ ក្នុងនោះមានទាំងការបាក់ដី និងទឹកជំនន់ជាដើម។

តួយ៉ាង កាលពីឆ្នាំមុន គ្រោះទឹកជំនន់មូសុងបានធ្វើឲ្យមួយភាគបីនៃប្រទេសប៉ាគីស្ថានស្ថិតនៅក្រោមទឹក ដោយបានបំផ្លាញផ្ទះសម្បែងអស់ពីរលានខ្នង និង សម្លាប់មនុស្សជាង ១,៧០០នាក់។ ចំណែកបង់ក្លាដែសវិញ ក៏បានជួបប្រទះគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងឆ្នាំដូចគ្នានេះផងដែរ ដែលបានសម្លាប់មនុស្សជាង ១០០នាក់ ហើយធ្វើឱ្យមនុស្ស ៧លាននាក់រងទុក្ខវេទនា ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្តអស់រយៈពេលជាច្រើនខែ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner