សមិទ្ធផលជាច្រើន ក្នុងស្រុកល្វាឯម តម្លៃសរុបប្រមាណ ៤ លានដុល្លារអាមេរិក ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
A
ខេត្តកណ្តាល ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាលអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្នុងឃុំកោះរះ, ឃុំថ្មគរ, ឃុំទឹកឃ្លាំង និង ឃុំព្រែករៃ, ស្រុកល្វាឯម ខេត្តកណ្តាល ។
សមិទ្ធិផលនានាស្ថិតក្នុងស្រុកល្វាឯម រួមមាន១ .ផ្លូវបេតុងអាម៉េ, ទទឹង ៩ម៉ែត្រ និង បណ្តោយ ១ ១៨៨ ម៉ែត្រ, កម្រាស់ ០.២ ម៉ែត្រ, ស្ថិតក្នុងឃុំទឹកឃ្លាំង, ចាប់ពីចំណុចវត្តសំពោង ដល់ចំណុចច្រមុះជ្រូក ក្នុងភូមិទឹកឃ្លាំង, ដោយចំណាយថវិកា ៦៦ ម៉ឺនដុល្លារអាមេរិក ។
២.ផ្លូវបេតុងសសៃដែក, ទទឹង ៩ ម៉ែត្រ និង បណ្តោយ ២ ២៦៤ ម៉ែត្រ, កម្រាស់ ០.២ ម៉ែត្រ, ដែលជាផ្លូវខ្នែងបំបែកពីផ្លូវជាតិលេខ ៧០ បេ, ស្ថិតក្នុងឃុំថ្មគរ, ចាប់ពីភូមិផ្លូវត្រី ដល់ចំណុចវត្តសំពោង, ដោយចំណាយថវិកាជិត ១.៣៥ លានដុល្លារអាមេរិក ។
៣.ផ្លូវគ្រួសក្រហម, ទទឹង ១០ ម៉ែត្រ និង បណ្តោយ ៨ ៥៦០ម៉ែត្រ, ស្ថិតក្នុងឃុះកោះរះ, ឃុំថ្មគរ, ឃុំទឹកឃ្លាំង និង ឃុំព្រែករៃ, ពីចំណុចរោងទឹកកក ក្នុងសង្កាត់ពាមឧញ៉ាអុង ដល់ចំណុចផ្លូវ សំពោង, ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ។ សរុបថវិកាចំណាយសម្រាប់គម្រោងទាំង ៣ នេះ មានចំនួន ៤លានដុល្លារអាមេរិក ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន បានលើកឡើងថា ជាការពិតណាស់សមិទ្ធផលទាំងនេះ គឺជាសក្ខីភាព នៃការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ភាពប្រាកដនិយម របស់ សម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សង្ឃឹមថា លោកយាយ,លោកតា, អ៊ុំ, ពូមីង និង បងប្អូន នឹងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ បោះឆ្នោតជូនគណបក្សណា ដែលបាននាំមកនូវសុខសន្តិភាព និង ការរីកចម្រើនក្នុងគ្រប់វិស័យ ជូនដល់ប្រទេសជាតិ និងប្រជាជន ៕
ប្រភព ៖ ក្រុមការងារ គណបក្សប្រជាជនខេត្តកណ្តាល




