អូស្រ្តាលីដាក់ទណ្ឌកម្មជនជាតិរុស្ស៊ីពីរនាក់ និងអ៊ុយក្រែនម្នាក់ ជុំវិញហេតុការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ី MH17
ស៊ីដនី៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះ បានប្រកាសដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើរលើជនជាតិរុស្សីចំនួនពីរនាក់ និងជនជាតិអ៊ុយក្រែនម្នាក់ទៀត ដែលមានជាប់ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤។
ជនជាតិរុស្សីពីរនាក់ និងជនជាតិអ៊ុយក្រែនម្នាក់ទៀតបានទទួលរងនូវការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើររបស់ប្រទេសអូស្រ្តាលី ទាក់ទិននឹងហេតុការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤។
មន្រ្តីអូស្រ្តាលីបាននិយាយថា ទណ្ឌកម្មនេះ ផ្តោតលើជនជាតិរុស្ស៊ី លោក សឺហ្គេ ឌូបប៊ីនស្គី និងជនជាតិអ៊ុយក្រែន លោក លីអូនីដ ខាឈិនកូ ដែលត្រូវបានគេរកឃើញថា មានទោសកំបាំងមុខពីបទឃាតកម្ម និងការចោទប្រកាន់ផ្សេងទៀតដោយតុលាការហូឡង់កាលពីឆ្នាំមុន បន្ទាប់ពីអ្នកដំណើរ និងនាវិក ២៩៨នាក់បានស្លាប់ នៅក្នុងគ្រោះមហន្តរាយយន្តហោះម៉ាឡេស៊ី MH17។ ចំណែកលោក សឺហ្គេ ម៊ូឆ្កែវ ដែលជាវរសេនីយឯកនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក៏ត្រូវបានបញ្ចូលទៅក្នុងទណ្ឌកម្មរបស់អូស្ត្រាលីផងដែរ។
មានជនជាតិអូស្ត្រាលីចំនួន ៣៨នាក់នៅលើយន្តហោះ MH17 នៅពេលដែលយន្តហោះធុន Boeing 777 ធ្វើដំណើរពីទីក្រុងអាំស្ទ៊ែដាំ ទៅទីក្រុងគូឡាឡាំពួរ បានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ ២០១៤។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលទាំងបីរូបខាងលើនេះ បានបង្ហាញឱ្យឃើញពីការបន្តប្តេជ្ញាចិត្តរបស់អូស្ត្រាលី ដើម្បីដាក់ទោសលើអ្នកដែលទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ី MH17៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




