សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ខិតខំស្ដារកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្ដារកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំស្នើឲ្យជប៉ុន ជួយស្តារកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដើម្បីឲ្យនាវាធំៗអាចចូលមកចតនៅកំពង់ផែរបស់យើងបាន ។ សម្តេចបន្តថា ការស្នើនេះ តាំងពីជំនាន់នាយករដ្ឋមន្ត្រី ស៊ីន ហ្សូអាបេ រហូតដល់លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ហើយយើងបានបើកការដ្ឋានស្ថាបនានៅឆ្នាំនេះ ។

សម្តេចតេជោ បានបន្តទៀតថា ការដឹកជញ្ជូនបែបនេះ យើងមិនចាំបាច់ត្រូវផ្ទេរទំនិញនៅកំពង់ផែប្រទេសផ្សេងទេ ធ្វើឲ្យយើងចំណេញបានថ្លៃដើមនៃការផលិត ដែលកន្លងមក យើងត្រូវដឹកជញ្ជូនដោយនាវាធុនតូច ទៅផ្ទេរនៅកំពង់ផែសឹង្ហបុរី ឬកំពង់ផែទីក្រុងហូជីមិញ។

សម្ដេចថា ដូចនេះប្រសិនជាយើងមានកំពង់ផែទឹកជ្រៅ វានឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងរួមចំណែកទាក់ទាញវិនិយោគផងដែរ។ អញ្ចឹងបានជាសម្ដេច ស្នើសុំម្ដងហើយម្ដងទៀត ហើយជប៉ុនមានចិត្តសប្បុរស ផ្ដល់ប្រាក់កម្ចីឲ្យយើង ដើម្បីផ្ដល់លទ្ធភាពពង្រីកសមត្ថភាពកំពង់ផែទាំងកំពង់ផែចូលចតផង ទាំងជម្រៅទឹកផង ដើម្បីដោះស្រាយការដឹកជញ្ជូន កាត់បន្ថយនៃថ្លៃដើមផលិត តាមរយៈកំពង់ផែទឹកជ្រៅ ដោយមិនចាំបាច់ផ្ទេរទំនិញនៅកំពង់ផែប្រទេសផ្សេងៗ ។

សូមជម្រាបថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ នៅក្នុងឆ្នាំ២០២២ រកចំណូលបាន ១២៦លានដុល្លារអាម៉េរិក។ ចំណូល បានកើនឡើងប្រមាណ ២៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ប្រមាណ ៥,៣លានតោន មានចំណូលប្រមាណ ៨៦លានដុល្លារអាម៉េរិក និងកំពង់ផែស្វយ័តភ្នំពេញ មានទំនិញឆ្លងកាត់ ៤,២លានតោន មានចំណូលប្រមាណ ៤០លានដុល្លារអាម៉េរិក ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner