សម្ដេចតេជោ ហ៊ុន សែន៖ ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់បានបញ្ចប់ សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងការលំបាក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្ត សេដ្ឋកិច្ចពិភពលោក នឹងមិនអាចងើបឡើងវិញបានងាយស្រួលនោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

សម្ដេចតេជោ បានលើកឡើងថា ទីផ្សារដ៏ធំបច្ចុប្បន្ន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលប្រទេសទាំងពីរនេះ កំពុងប្រឈមទៅនឹងវិបត្តិ នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

សម្ដេច ថា ជាមួយនឹងការមើលឃើញនៃវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងពង្រីកទីផ្សារបន្ថែម ដែលនឹងអាចទាក់ទាញ និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ។

សម្ដេចបន្តថា៖ អញ្ចឹងទេ បានជារាជរដ្ឋាភិបាលប្រឹងប្រែងមិនត្រឹមតែទីផ្សារជាមួយអាមេរិក និងអឺរ៉ុបទេ។ យើងបានបើកទីផ្សារជាមួយនឹងប្រទេសផ្សេងៗទៀតដូចជា កូរ៉េ ចិន អារ៉ាប់ និងប្រទេសផ្សេងៗទៀត ដើម្បីធានាទីផ្សារនាំចេញរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា មានទំហំប្រមាណជាង ២៩ពាន់លានដុល្លារ ក្នុងនោះការនាំចេញនៃឧស្សាហកម្មកាត់ដេរ និងស្បែកជើងមានទំហំប្រមាណ ១៣ពាន់លានដុល្លារ ស្មើ ១ភាគ៣ នៃការនាំចេញរបស់កម្ពុជា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលដែលកើតមាននៅលើទឹកដីកម្ពុជា គឺជាចំណែករបស់គណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះ ក៏មានការចូលរួមរបស់ជីដូនជីតា ឪពុកម្ដាយ បងប្អូន របស់ក្មួយៗផងដែរ។ នេះហើយលទ្ធផល នៃការអភិវឌ្ឍ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner