សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រសួងការពារជាតិ និងធនាគាររដ្ឋចំនួនពីររបស់មីយ៉ាន់ម៉ា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើក្រសួងការពារជាតិមីយ៉ាន់ម៉ា និងធនាគាររដ្ឋចំនួនពីរ ដែលខ្លួនបាននិយាយថា ជួយសម្រួលដល់ប្រតិបត្តិការរវាងរបបយោធា និងទីផ្សារក្រៅប្រទេស រួមទាំងការនាំចូលសព្វាវុធ និង សម្ភារៈយោធាពីប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើក្រសួងការពារជាតិមីយ៉ាន់ម៉ា និងធនាគាររដ្ឋចំនួនពីររបស់ប្រទេសមីយ៉ាន់ម៉ា។ ការរឹតបន្តឹងថ្មីដែលត្រូវបានប្រកាសដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានរារាំងរាល់ប្រតិបត្តិការរវាងសហរដ្ឋអាមេរិកជាមួយក្រសួងការពារជាតិមីយ៉ាន់ម៉ា ក៏ដូចជាជាមួយធនាគារពាណិជ្ជកម្មបរទេសរបស់មីយ៉ានម៉ា និងធនាគារវិនិយោគ និងពាណិជ្ជកម្មមីយ៉ានម៉ា។

ទណ្ឌកម្មថ្មីនេះ គឺជាសកម្មភាពចុងក្រោយបង្អស់មួយ ប្រឆាំងនឹងឧត្តមសេនីយ៍ មីន អោងឡាំង ដែលបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយលោកស្រី អោង សានស៊ូជី ក្នុងឆ្នាំ ២០២១។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា មីយ៉ាន់ម៉ាបានពឹងផ្អែកលើប្រភពបរទេស រួមទាំងពីប្រទេសរុស្ស៊ី ដើម្បីទិញ និងនាំចូលអាវុធ, ទំនិញប្រើប្រាស់ សម្ភារៈ និងវត្ថុធាតុដើមសម្រាប់ផលិតអាវុធជាដើម។

រដ្ឋាភិបាលយោធាដែលដឹកនាំដោយលោក មីន អោងឡាំង បាននិងកំពុងតស៊ូដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចដែលបានធ្លាក់ចុះ ១៨ភាគរយកាលពីឆ្នាំមុន ហើយឥឡូវនេះកំពុងប្រឈមមុខនឹងអតិផរណាកើនឡើង, រូបិយប័ណ្ណធ្លាក់ចុះ និងការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស។

ឧត្តមសេនីយ Zaw Min Tun អ្នកនាំពាក្យកំពូលរបស់របបយោធាមីយ៉ាន់ម៉ា បាននិយាយថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមីយ៉ាន់ម៉ាឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច និងនយោបាយ ហើយថាទណ្ឌកម្មថ្មីនេះ នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានោះទេ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner