ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យព័ត៌មាន បានរួមចំណែកដល់ការអភិវឌ្ឍ និងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតក្នុងសង្គម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  បានលើកឡើងថា វិស័យព័ត៌មាន ​ជាចលករនៃបណ្តុំគំនិត និងបាន​រួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពអសកម្មនៅក្នុងសង្គម ដែ​លត្រូវការជាចាំបាច់ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា។

ឯកឧត្តមបណ្ឌិតលើកឡើងដូចនេះ​ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម កាលពីល្ងាច​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញើ

ឯកឧត្តម ហ៊ុន ម៉ាណែត ដែល​ជា​សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលផងដែរនោះ​ ក៏​បាន​លើកឡើងផងដែរ​ថា វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និង​ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស។ ​វិស័យមួយនេះ ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណា​ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។

ឯកឧត្តមបានឱ្យដឹងទៀត​ថា ជាក់ស្តែង នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមក  វិស័យព័ត៌មាន បានចូ​លរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ  ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើដល់ក្រោម និងពីក្រោមឡើងលើ និងជាអ្នក
ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។  

វិស័យព័ត៌មាន ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និង ជាអ្នកចូលរួមកែលម្អសង្គ​មតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព ដែលបៀបដូចជាថ្នាំពេទ្យដ៏ពិសិដ្ឋសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺប្រៀបដូចជាថ្នាំពុលសម្រាប់សង្គមជាតិទៅវិញ។ នេះបើតាម​ឯកឧត្តមបន្ថែម ហ៊ុន ម៉ាណែត​។

បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ៖​«រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ នៅតែបន្តការបេ្តជ្ញាចិត្តក្នុងការគំាពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា»។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏តែងបានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយដោយស្មើភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និ​ ន្នាការនយោបាយឡើយ ។

បណ្ឌិត ហ៊ុន ម៉ាណែត បាន​បន្ថែមថា រាជរដ្ឋាភិបាល គឺខិតខំប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីផលវិជ្ជមានស​ម្រាប់ជាតិ និងប្រជាជន ដោយផ្តោតលើកិច្ចការសំខាន់ចំនួនពីរ។  ទី១ ការជួយគ្នាក្នុងផលវិជ្ជមាន និង ទី២ ការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ចំណុចអវិជ្ជមាន។

បើតាមឯកឧត្តម ហ៊ុន ម៉ាណែត វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ ការបង្ហាញអំពីតថភាពសង្គម ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ។

 ឯកឧត្តមបញ្ជាក់ថា ៖ «​អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេ​កវិទ្យាដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោ​យសារប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ» ៕

ដោយ៖សុខ រក្សា

ads banner