ឯកឧត្តម ចាយ បូរិន ៖ ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ឆ្នាំ២០២២ និង២០២៣ គឺអាចបន្តប្រើប្រាស់ សម្រាប់បោះឆ្នោតបាន
ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ឆ្នាំ២០២២ និង២០២៣ គឺអាចបន្តប្រើប្រាស់សម្រាប់បោះឆ្នោតបាន។
មានប្រសាសន៍បែបនេះរបស់ ឯកឧត្តម ចាយ បូរិន ក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សពេញសិទ្ធ និងបម្រុង ចំនួន៣៧៤នាក់ នៅមន្ទីរគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តម គល់ យ៉ាត ប្រធានលេខាធិការដ្ឋានច្បាប់ខេត្ត។

ឯកឧត្តមតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការច្បាប់គណបក្សស្រុកអូររាំងឪ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី រៀបចំឯកសារបែបបទជូនដល់ប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតបានយ៉ាងល្អប្រសើរ ។
ទាក់ទងនឹងការងារបោះឆ្នោតនេះដែរឯកឧត្ដម បានសង្កត់ធ្ងន់ អំពីតួនាទីដ៏សំខាន់របស់ភ្នាក់ងារគណបក្សនៅក្នុងដំណើរការឃោសនាបោះឆ្នោត បោះឆ្នោត រាប់សន្លឹកឆ្នោត និងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត និងបានចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយពន្យល់និងធ្វើបទបង្ហាញពីច្បាប់ បទបញ្ជា និងនីតិវិធី តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានកំណត់។

ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន ព្រោះភ្នាក់ងារគណបក្សមានតួនាទីសំខាន់ ក្នុងការគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី និងប្រតិទិនរបស់ គ.ជ.ប. នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ៕ ដោយ ហេង សម្បត្តិ


