គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
តូក្យូ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្ស ប្រចាំប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម ទុយ រី បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងប្រវត្តិរបស់គណៈបក្ស ប្រជាជន ដែលបាន ទទួលជោគជ័យរហូតមកដល់បច្ចុប្បន្ននេះដោយបានពុះពារការលំបាកគ្រប់បែបយ៉ាង មានជាអាទិ៍៖ ១)ការជំនះរាល់ឧបសគ្គដោយគណបក្សប្រជាជនកម្ពុជាហ៊ានធ្វើពលិកម្ម សំដៅកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ២) ការពុះពារឆ្លងកាត់ដំណាក់កាលធំៗនៃ ប្រវត្តិសាស្ត្ររបស់ជាតិ របស់គណបក្ស ទោះបីត្រូវប្រឈមនឹងការវិវត្តន៏ប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅផ្សាភ្ជាប់ខ្លួនជានិច្ច ជាមួយប្រជាជន។ល។

ឯកឧត្តម ទុយ រី ក៏បានលើកឡើងពីសមិទ្ធិផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សប្រជាជនសម្រេចបានកន្លងមកពិសេសសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។
ឯកឧត្តម ទុយ រី ក៏បានអំពាវនាវដល់សមាជិក សមាជិកាបក្ស សូមឲ្យអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រចំពោះបេក្ខភាពសម្តេចតេជា ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ព្រមទាំងបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕ ដោយ / គ្រី សម្បត្តិ




