ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណៈប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផង់ សារ៉េត ដល់គេហដ្ឋានស្ថិតនៅឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
ព្រៃវែង ៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ លំដាប់ ថ្នាក់ និងជាការដឹងគុណ ក្នុងនាមជាអ្នកបន្តវេន មិនដែលភ្លេចពីគុណតម្លៃរបស់ឥស្សរជន ដែលមានស្នាដៃ តស៊ូដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា កសាងជាតិ កសាងសន្តិភាព និងអភិវឌ្ឈនប្រទេសជាតិរហូតមក និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានបានចាត់អោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្ស ថ្នាក់កណ្តាល ដឹកនាំប្រតិភូយុវជន អញ្ជើញសួរសុខទុក្ខឯកឧត្តម ផង់ សារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅខេត្តព្រៃវែង។

ឯកឧត្តម ផង់ សារ៉េត មានប្រសាសន៍ថា ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ។ ឯកឧត្តមក៏បានសម្តែងនូវមនោសញ្ចេតនាត្រេកអរ និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជនគណបក្សទាំងអស់ត្រូវ៖
១- ខិតខំកសាងពង្រឹង និងអភិវឌ្ឍសមត្ថភាព ថែទាំសុខភាព ដើម្បីជួយគណបក្ស
២-ធ្វើការដោយសាមគ្គី សហការ និងឯកភាពគ្នាដើម្បីសម្រេចកិច្ចការ និងជោគជ័យរួម
៣-ចូលរួមប្រកួតប្រជែងយកប្រៀបឈ្នះ និងការពារសមិទ្ធផលវិជ្ជមានដ៏ច្រើនលើសលប់ ហើយខ្ញុំសង្ឃឹមថា នឹងបន្តការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ បានចូលបម្រើការងារនៅ មន្ទីររដ្ឋ នៅខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ជាឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេស ឆេកូស្លូវ៉ាគី និងប្រទេស ហុងគ្រី ជារដ្ឋលេខាធិការក្រសួងធនធានទឹក ជាតំណាងរាស្ត្រខេត្តព្រៃវែងបច្ចុប្បន្ន ជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ។
ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសសើរ ចំពោះការលះបង់កម្លំាងកាយចិត្ត និងបទពិសោធន៍យ៉ាងច្រើនរបស់ឯកឧត្តម ផង់ សារ៉េត ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក ៕

ដោយ ហេង សម្បត្តិ