ឯកឧត្តម ឃួង ស្រេង បានជួបពិភាក្សា រកដំណោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅបុរីវីអាយភី ក្រោយពី មានបុគ្គលមួយក្រុមបានចុះវាស់វែងនិងបាញ់ថ្នាំ ទៅលើ លំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង នៅក្នុងបុរី វី អាយ ភី

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជួបពិភាក្សា រកដំណោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅ បុរីវីអាយភី ក្រោយពី មានបុគ្គលមួយក្រុមបានចុះវាស់វែងនិងបាញ់ថ្នាំទៅលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង នៅក្នុងបុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនិងការបង្ខំអោយពួកគាត់ចាកចេញ។

ការពិភាក្សារកដំណោះស្រាយរបស់ឯកឧត្តម ឃួង ស្រេង ជាមួយបងប្អូនប្រជាពលរដ្ឋ តំណាងឲ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរីវីអាយភីជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៥ខែមិថុនាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ រស់នៅផ្ទះល្វែងបុរីវីអាយភីប្រមាណ៥ល្វែងត្រូវបាន ជនមួយក្រុម ចុះទៅធ្វើការវាស់វែង លំនៅដ្ឋានរបស់ពួកគាត់និងបានបង្ខំឲ្យពួកគាត់ ចាកចេញពីបុរី វីអាយភីនេះ ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បាននាំគ្នាមកផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីជួយអន្តរាគមន៍ដោះស្រាយ ដោយសារតែវិមានវិវាទនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងព្យាយាមដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយនោះ ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅសាលារាជធានីភ្នំពេញដើម្បីរកដំណោះស្រាយជូនពួកគាត់។

ជាលទ្ធផលឯកឧត្តមអភិបាលបាន សម្រេច អនុញ្ញាតអោយប្រជាពលរដ្ឋ ដែលត្រូវគេវាស់វែងលំនៅដ្ឋាននិងបានបង្ខំឲ្យពួកគាត់ចាកចេញពីបុរីនោះ រស់នៅជាធម្មតាវិញ ដោយរងចាំ ការដោះស្រាយរបស់និយ័តករ អាជីវកម្ម អចលវត្ថុនិងបញ្ចាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋបាលរាជធានីភ្នំពេញ៕

ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner