ក្រុមជនសង្ស័យ ១២នាក់ ពាក់ព័ន្ធ ករណីលួច ឆក់ គាស់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមសរុប១២នាក់ ពាក់ព័ន្ធ ករណី លួចម៉ូតូ គាស់ផ្ទះ ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វេីការបង្ក្រាប និងឃាត់ខ្លួន កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង ១២នាក់ ក្នុងនោះមានស្រី២នាក់ និងមានមេក្លោងឈ្មោះ មឿន ថៃសាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលារំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ នាំទៅសាកសួរបឋម រហូតដល់ព្រឹកឡើងថ្ងៃដដែល កម្លាំងសមត្ថកិច្ច ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក មន វុធី អធិការខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ភួង បូណា អធិការរងខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ទ លោកវរសេនីយ៍ត្រី សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅទី១ ធ្វើការស្រាវជ្រាវ បន្តតាមចាប់ខ្លួនក្រុមជនសង្ស័យទាំងសម្បុកសរុប១២នាក់ ស្រី២នាក់ ជាមុខសញ្ញាលួច ឆក់ គាស់ផ្ទះ សរុប១៧ករណី ដែលប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ដែលជនសង្ស័យលួចបាន ។
បច្ចុប្បន្ន នេះ ជនសង្ស័យទាំង ១២នាក់ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីរកជនប្រព្រឹត្តផ្ទាល់ សមគំនិត និងទទួលផលចោរកម្ម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី