សហគមន៍សំបូរមានជ័យរកចំណូលបានជាងមួយពាន់លានរៀល ក្នុងមួយឆ្នាំពីដំណាំស្លឹកគ្រៃ
កំពង់ចាម៖ បច្ចុប្បន្ននេះ សហគមន៍កសិកម្មនៅកម្ពុជាមានប្រមាណជាងមួយពាន់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ការចងក្រងសមាជិករបស់សហគមន៍កសិកម្មនីមួយៗ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាពកសិករមូលដ្ឋាន សេដ្ឋកិច្ចសង្គម និងរួមចំណែកថែរក្សាប្រពៃណីរបស់កសិករផងដែរ។
ជាក់ស្តែង សហគមន៍កសិកម្មសំបូរមានជ័យ ដែលស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងជោគជ័យខ្លាំងទៅលើដំណាំស្លឹកគ្រៃ ដោយអាចជួយលើកកម្ពស់ជីវភាពប្រជាកសិករអាស្រ័យផលពីដំណាំបានមួយកម្រិត ក៏ដូចជាជំរុញដល់សេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូលផងដែរ។
លោក ឆេង ថុង ជាប្រធានសហគមន៍សំបូរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាសហគមន៍ជាងរបស់លោកមានសមាជិកប្រមាណ ២០០ គ្រួសារ ដែលបាននិងកំពុងដាំស្លឹកគ្រៃទៅលើផ្ទៃដីប្រមាណជិត ១០០ ហិកតាឯណោះ។

សម្រាប់ផ្ទៃដីនេះ លោក ឆេង ថុង ប្រាប់ឱ្យដឹងថា ៖ «ជាមធ្យមសហគមន៍យើងអាចផលិត និងលក់ស្លឹក គ្រៃបានចំនួនបីតោន ក្នុងមួយខែនិង១ ៣០០ តោនក្នុងមួយឆ្នាំ ដែលអនុញ្ញាតឱ្យសហគមន៍រកចំណូលបាន ១ ៥០០លានរៀល បើគិតជាមធ្យមក្នុងមួយឆ្នាំសម្រាប់ដំណាំស្លឹកគ្រៃតែមួយមុខ»។
សម្រាប់ទីផ្សារវិញ លោក ឆេង ថុង និយាយថា សហគមន៍បានជំរុញផលិតផលនេះទៅកាន់ផ្សារមួយចំនួន នៅក្នុងខេត្តកំពង់ចាម និងផ្សារផ្សេងៗទៀតដូចជា ផ្សារដើមគរ ផ្សារនាគមាស ផ្សារព្រែកអញ្ច្រាញនៅរាជធានីភ្នំពេញ ជាដើម។
ដ្បិតថាជោគជ័យលើដំណាំស្លឹកគ្រៃក្តីតែប្រធានសហគមន៍រូបនេះថាមិនផ្តោតលើដំណានេះតែមួយមុខឡើយ ដោយលោកនៅតែបន្តពង្រីកការដាំដុះដំណាំផ្សេងៗបន្ថែមទៀត។ ជាមួយគ្នានេះ លោក ឆេង ថុង បានឱ្យដឹងដែរថា ភាគច្រើននៃប្រជាសហគមន៍របស់ខ្លួន ក៏មិនពឹងផ្អែកតែទៅលើដំណាំស្លឹកគ្រៃតែមួយមុខនោះទេដោយសារ នៅក្នុងសហគមន៍ផ្ទាល់មានមុខរបរច្រើន។
ជាក់ស្តែងការកែច្នៃគល់ស្លឹកគ្រៃ ទៅជាផលិតផលប្រេងសម្រាប់លក់នៅលើទីផ្សារ ក៏ជាមុខរបរមួយដែលសហគមន៍សំបូរមានជ័យ កំពុងទទួលបានការគាំទ្រច្រើនពីអតិថិជនទិញយកទៅប្រើប្រាស់តាមតម្រូវការ។
លោក ឆេង ថុង បានរៀបរាប់ឱ្យដឹងថា ប្រេងស្លឹកគ្រៃ ពិបាកក្នុងការកែច្នៃ និងចំណាយពេលយូរ តែវាជាផលិតផលដែលមានអត្ថប្រយោជន៍ជាច្រើនប្រភេទដូចជា លាបរឹតពេលចុករោយខ្លួនប្រាណ ក្លិនសម្រាប់ដុតនៅក្នុងបន្ទប់ ប្រេងសម្រាប់ម៉ាស្សា និងប្រេងសម្រាប់កម្ចាត់សត្វល្អិត។
លោកថ្លែងថា ៖ «ក្រោយពេលដែលចប់កូវីដនេះ យើងចាប់ផ្ដើមរកទីផ្សារខ្លាំង ហើយសម្រាប់ផលិតផលប្រេងនេះទទួលបានការគាំទ្រច្រើន គេទិញដាក់ប្រើនៅក្នុងផ្ទះ កុំឱ្យមានមូសកុំឱ្យមានសត្វ ល្អិត អ៊ីចឹងទៅ ជាពិសេសតាមអូតែល (Hotel) តាមហាងម៉ាស្សា និងហាងផ្សេងផ្សេងទៀត»។
ក្រោយភាពជោគជ័យ ក្នុងការប្រកបរបរទីផ្សារបន្លែ និងផ្លែឈើហូបផ្លែ លោក ឆេង ថុង យល់ថា ប្រជាសហគមន៍សំបូរមានជ័យ មានជីវភាពប្រសើរឡើងច្រើនតាមរយៈការដាំដុះដំណាំឆ្លាស់ច្រើនប្រភេទនេះ ដែលវារួមចំណែកបង្កើតប្រភពចំណូលច្រើនផ្នែក។
ប្រធានសហគមន៍រូបនេះសង្កត់ធ្ងន់ថា ៖ «កាលពីមុនមិនទាន់មានសហគមន៍កសិកម្ម យើងរស់នៅដាច់ដោយឡែកពីគ្នា យើងមិនសូវមានចំណេះដឹងក្នុងការដាំដុះច្រើន រួមទាំងបច្ចេកទេសកសិកម្មផ្សេងៗ តែពេលដែលយើងមានសហគមន៍កសិកម្ម យើងអាចពង្រីកមុខរបរបន្ថែមបាន យើងងាយរកទីផ្សារ អញ្ចឹងហើយចំណូលរបស់យើងក៏ទទួលបានទៅតាមនោះ»។
សូមជម្រាបថា សហគមន៍សំបូរមានជ័យ បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១០។ បច្ចុប្បន្នសហគមន៍មួយនេះកំពុងបន្តប្រតិបត្តិការធុរកិច្ចលើមុខរបរជាច្រើនដូចជា ឥណទានសហគមន៍កសិកម្ម ផលិតជីកសិកម្ម ផលិតស្រូវពូជ បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង សេវាកម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត៕ ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ
