ឧកញ៉ា ឡូវ ហ៊ឺង និងឧកញ៉ា អែល សារ៉ុម នាំមកនូវអំណោយសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋ ជិតមួយពាន់នាក់នៅភូមិបឹងទីង
កំពង់ចាម៖ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះ ជួយមូលដ្ឋាន ឃុំទង ត្រឡាច រួមដំណើរដោយឧកញ៉ា អែល សារ៉ុម សមាជិកគណៈកម្មាធិការបក្ស ខ៦ ចំណុះគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និង លោក ពូន វណ្ណា បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនប្រជាពលរដ្ឋ៩៨០ នាក់ នៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាល ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣នៅក្នុងបរិវេណសាលាបឋមសិក្សាបឹងទីង ។
ក្នុងឱកាសនេះឧកញ៉ា អែល សារ៉ុម បានបង្ហាញពីការប្ដេជ្ញាចិត្តបន្ត ចូលរួម អភិវឌ្ឍន៍មូលដ្ឋានឃុំឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈជាបន្ត បន្ទាប់ក្រុមការងារចុះមូលដ្ឋានបានចូលរួមក្នុងកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋ ។
ចំណែកឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍លើកឡើងអំពីការខិតខំបម្រើ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ រាប់តាំងពីការចុះសួរសុខទុក្ខនៅតាម ផ្ទះ ។ការលើកយកទុក្ខ កង្វល់ សំណូមពររបស់ពួកគាត់មកដោះស្រាយ និង ចំណុចណាដោះស្រាយមិនចេញត្រូវបាន រាយការណ៍បន្ត ទៅថ្នាក់លើ។ទន្ទឹមនេះដែរឧកញ៉ា បានរំលឹកដល់អាជ្ញាធរឃុំឱ្យផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឱ្យត្រៀម ឯកសារ សម្រាប់ ការបោះឆ្នោត និងទៅ បោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ។
សូមជម្រាបថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩៨០ នាក់ក្នុងភូមិបឹងទីងមាន៖ សារុង ,ប្រហុក និង ឧបត្ថម្ភអ្នកឈឺ អ្នក មរណភាព ចងដៃអ្នកអាពាហ៍ពិពាហ៍ ឧបត្ថម្ភអ្នកជំងឺវះកាត់សម្រាលកូន ចំនួនពីរនាក់ ឧបត្ថម្ភកុំព្យូទ័រមួយគ្រឿងជូនដល់សាលាបឋមសិក្សា បឹងទីង ។សរុបថវិកាប្រមាណប្រាំពីរលានរៀល។ ដោយឡែក លោក មាឃ វុទ្ធី ហៅយុត្ថារ៉ូ ប្រធានមូលនិធិមនុស្សធម៌ភូមិបឹងទីងជួយជាអាវនិងមួក ចំនួន ៥០ កំប្លេរ និងចូលបច្ច័យចំនួយមួយ លានរៀលជួយ កសាង សាលាឆទាន គោកមរ៕




















