សម្តេចតេជោ ហ៊ុន សែន ៖ ចៅក្រមត្រូវចេះវិធីប្រើប្រាស់រូបមន្ត នៃការដោះស្រាយ ដោយត្រូវពិនិត្យចំណុចណា ត្រូវគ្នា ចំណុចណាមិនត្រូវគ្នា និងត្រូវខិតខំដោះស្រាយតាមវិធីឈ្នះឈ្នះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ចៅក្រមទាំងអស់ យកវិធីដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋ តាមរយៈការពិនិត្យលើបញ្ហារបស់គូវិវាទជាមុនដោយរកចំណុចត្រូវគ្នា និងមិនត្រូវគ្នាមកធ្វើការដោះស្រាយ ហើយត្រូវពង្រីកទំហំចំណុចត្រូវគ្នាឱ្យធំដើម្បីឈានទៅដោះស្រាយទទួលបានជោគជ័យស្របតាមគោលការ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។

សម្ដេចថា ដើម្បីលើកកម្ពស់គុណភាពក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ចៅក្រមត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព និងភាពសុខដុមរមនាឱ្យបានល្អប្រសើរ។

សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ គប្បីត្រូវខិតខំឲ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសំណុំរឿងខ្លះជារដ្ឋប្បវេណីទេ តែប្រើរយៈពេលវែងក្នុងការវិនិច្ឆ័យ ដូច្នេះត្រូវធ្វើការសម្របសម្រួល ជាជាងកាត់ក្តីដល់គូជម្លោះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណុំរឿងខ្លះបានធ្វើឲ្យគូជម្លោះអស់ទ្រព្យពីខ្លួនទាំងសងខាង ដោយសារតែប្រើរយៈពេលយូរ ដូច្នេះហើយ សម្តេចសូមលើកទឹកចិត្តឲ្យអស់លោក លោកស្រីជាចៅក្រម រួមទាំងអាជ្ញាធរផងនោះដើរតួនាទីធ្វើការផ្សះផ្សារ និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាពិសេសចំពោះសំណុំរឿងក្នុងក្របខណ្ឌរដ្ឋប្បវេណី។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងដែរថា តុលាការ គឺស្ថិតនៅក្នុងមាត់ដង្កាប់ ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថានឹងគ្មានយុត្តិធម៌សម្រាប់ពួកគេ ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល និងផ្សះផ្សារក្រៅប្រព័ន្ធ តុលាការទេទើបប្រសើរ ខណៈមធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តឈ្នះ ឈ្នះទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា គឺជាកិច្ចការងារអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner