ទាហានស៊ីឈ្នួល វ៉ែកណឺ បញ្ឈប់ចលនាបះបោរ ប៉ុន្តែលោក ពូទីន ត្រូវបានគេមើលឃើញថាជាមេដឹកនាំទន់ខ្សោយ
មូស្គូ៖ ទាហានស៊ីឈ្នួល វ៉ែកណឺ (Wagner) បានធ្វើដំណើរត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានយល់ព្រមអនុញ្ញាតឱ្យមេដឹកនាំរបស់ពួកគេ រួចផុតពីការចោទប្រកាន់ពីបទក្បត់ជាតិ និងនិរទេសខ្លួនទៅកាន់ប្រទេសបេឡារុសដែលនៅក្បែរនោះ។
កិច្ចព្រមព្រៀងរវាងលោក ពូទីន និងមេដឹកនាំ វ៉ែកណឺ នេះ បានជួយបញ្ឈប់វិបត្តិដ៏ធំមួយរបស់រុស្ស៊ី ដោយកងកម្លាំងដែលដឹកនាំដោយអតីតសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន លោក យ៉េវហ្គេនី ព្រីហ្គោស៊ីន (Yevgeny Prigozhin) បានព្យាយាមវាយលុកទៅកាន់ទីក្រុងមូស្គូ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានលើកឡើងថា ការបះបោររបស់ទាហានស៊ីឈ្នួល វ៉ែកណឺ បានបញ្ជាក់ឱ្យឃើញថា ការដឹកនាំរបស់លោក ពូទីន មានភាពផុយស្រួយជាងការគិតទៅទៀត។
កាលពីថ្ងៃអាទិត្យ វិធានការសន្តិសុខផ្សេងៗនៅតែបន្តអនុវត្តនៅក្នុងទីក្រុងមូស្គូ ប៉ុន្តែមានចំនួនប៉ូលិសដាក់ពង្រាយតិចជាងមុន។ ដោយឡែក អ្នកមួយចំនួនដែលរស់នៅក្នុងទីក្រុងបាននិយាយថា ពួកគេមិនមានការព្រួយបារម្ភអ្វីទេ បើទោះបីជាពួកគេមិនបានដឹងពីទីតាំងរបស់លោក ព្រីហ្គោស៊ីន (Prigozhin) ពិតប្រាកដក៏ដោយ។
ពលរដ្ឋរុស្ស៊ីម្នាក់ អាយុ ៧០ ឆ្នាំបានប្រាប់សារព័ត៌មាន AFP ខណៈដែលកំពុងដើរនៅទីលានក្រហមនៅទីក្រុងម៉ូស្គូថា ៖ «ជាការពិតណាស់ ខ្ញុំមានការភ័យញាប់ញ័រនៅពេលបានឮពីដំណឹងនេះដំបូង ដោយសារតែខ្ញុំមិនបានគិតជាមុនថារឿងនេះនឹងអាចកើតមានឡើងនោះទេ»។
លោកស្រីបានបន្ថែមថា ៖ «យើងកំពុងតែប្រយុទ្ធ ហើយក៏មានសត្រូវខាងក្នុងដែលកំពុងចាំខាំយើងពីក្រោយ ដូចទៅនឹងអ្វីដែលប្រធានាធិបតី ពូទីន បាននិយាយដែរ។ យ៉ាងណាក៏ដោយយើងកំពុងដើរលេងលំហែកាយ ហើយយើងមិនមានអារម្មណ៍ថាមានគ្រោះថ្នាក់អ្វីទេ»។
លោក ព្រីហ្គោស៊ីន ត្រូវបានគេឃើញរូបលោកចុងក្រោយបង្អស់កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងរថយន្តម៉ាក SUV ធ្វើដំណើរចេញពីទីក្រុង រ៉ូស្តូវ អនដុន (Rostov-on-Don) ជាទីក្រុងដែលក្រុមសកម្មប្រយុទ្ធរបស់លោកបានដណ្តើមយកទីបញ្ជាការយោធា ហើយក៏ទទួលបានការអបអរសាទរពីសំណាក់ប្រជាជនមួយចំនួននៅក្នុងតំបន់នោះផងដែរ ដោយអ្នកខ្លះបានចាប់ដៃរបស់លោកតាមបង្អួចឡានទៀតផង។
អំឡុងពេលនោះ រថយន្តដឹកពាសដែក និងកងទាហានសកម្មប្រយុទ្ធជាច្រើន បានធ្វើដំណើរតាមពីក្រោយរថយន្តរបស់លោកផងដែរ។ គួរដឹងដែរថា ទាហានស៊ីឈ្នួល វ៉ែកណឺ ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅជិតកាន់តែកៀករហូតដល់ទៅត្រឹមតែ ៤០០ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងម៉ូស្គូ ខណៈដែល លោក ព្រីហ្គោស៊ីន បានអះអាងថា ពួកគេស្ថិតនៅចម្ងាយត្រឹមតែ ២០០ គីឡូម៉ែត្រ និងធ្វើដំណើររយៈពេលត្រឹមតែ ២៤ ម៉ោងទៀតប៉ុណ្ណោះ។
គួររំឭកថា ការបះបោរនេះកើតឡើងដោយសារតែជម្លោះដ៏រ៉ាំរ៉ៃរវាងលោក ព្រីហ្គោស៊ីន និងមេដឹកនាំទាហានជាន់ខ្ពស់របស់រុស្ស៊ី ជុំវិញរឿងប្រតិបត្តិការរុស្ស៊ីនៅអ៊ុយក្រែន។ លោក ពូទីន បានថ្កោលទោសការបះបោរនេះថា ជាអំពើក្បត់ជាតិ ដោយសន្យាថានឹងដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវ និងចោទពួកគេថាកំពុងរុញច្រានរុស្ស៊ីឱ្យចូលទៅរកសង្គ្រាមស៊ីវិល។
នៅក្នុងថ្ងៃដដែលនោះ លោក ព្រីហ្គោស៊ីន ក៏បានយល់ព្រមលើកិច្ចព្រមព្រៀងមួយជាមួយទីក្រុងម៉ូស្គូ ដែលមានប្រទេសបេឡារុសជាអ្នកជួយសម្របសម្រួល។ ដោយឡែក កាលពីថ្ងៃអាទិត្យមុន មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក៏បានលើកឡើងអំពីការបះបោរនេះផងដែរ ពោលគឺលើកឡើងនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅប្រទេសលីទុយអានីនឹងឈានមកដល់នាពេលខាងមុខ។
លោក ហ្សេលេនស្គី បានលើកនៅលើបណ្ដាញ ធ្វីតធ័រ(Twitter) ថា ៖ «សហគមន៍អន្តរជាតិត្រូវតែដាក់សម្ពាធលើរុស្ស៊ី ដើម្បីឱ្យមានការស្ដារឡើងនូវសណ្តាប់ធ្នាប់អន្តរជាតិ»។ លើសពីនេះទៀតលោកក៏បានលើកឡើងអំពីសក្តានុពលនៃការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Channel NewsAsia Wagner halts revolt but Putin seen as weakened; Moscow maintains security measures