កូរ៉េ​ខាង​ជើង​បង្ហាញ​ការ​គាំទ្រ​ក្រុង​មូស្គូ​ជុំវិញ​បញ្ហាកា​របះបោររបស់ក្រុម វ៉ែកណឺ

ព្យុងយ៉ាង៖ នា​ថ្ងៃទី២៥ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានផ្តល់នូវការគាំទ្រយ៉ា​ងពេញទំហឹងទៅកាន់ប្រទេសរុស្ស៊ី ក្នុងការដោះស្រាយបញ្ហាការបះបោរនាពេលថ្មីៗនេះ ពីសំណាក់ក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ (Wagner)។​

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាង លោក អាឡិចសាន់ដឺ ម៉ាតសេហ្គូរ៉ា (Alexander Matsegora) អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក អ៊ីម ឆុន អ៊ីល (Im Chon Il) បានប្រាប់ទៅកាន់ភាគីរុស្ស៊ីនូវជំនឿយ៉ាងមុតមាំថា ៖ «ការបះបោរប្រដាប់អាវុធនាពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានបង្ក្រាបបានដោយជោ​គជ័យ» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA។​

គួរដឹងដែរថា ក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ ដែលរុស្ស៊ីបានជួលឱ្យធ្វើសង្គ្រាមនៅអ៊ុយក្រែន និងដែលមានប្រដាប់ដោយអាវុធធុនធ្ងន់ បានដកថយវិញហើយ បន្ទាប់ពីបានធ្វើដំណើរក្នុងទិដៅសំដៅទៅកាន់ទីក្រុងមូស្គូនៅចុងសប្តាហ៍នេះ។ ការដកថយនេះ បានជួយបន្ធូរបន្ថយភាពតានតឹងនៃវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ីមិនធ្លាប់មាន គិតត្រឹមរយៈពេលជាច្រើនទសវត្សរ៍មកនេះ។​

លោក អ៊ីម បានបញ្ជាក់ថា ៖ «កងទ័ពរុស្ស៊ីដ៏ខ្លាំងក្លា និងប្រជាជនរុស្ស៊ីផ្ទាល់ នឹងយកឈ្នះលើបញ្ហាមួយនេះ ក៏ដូចជានឹ​ងទទួលបានជ័យជំនះដោយវីរភាពក្នុងប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែន» នេះបើយោងតាមសារព័ត៌​មា​ន KCNA ដដែល»។ ​

ជាការកត់សម្គាល់ នេះគឺជាសារចុងក្រោយបង្អស់ដែលទីក្រុងព្យុងយ៉ាងបានបង្ហាញការគាំទ្ររបស់ខ្លួនទៅកាន់ទីក្រុងមូ​ស្គូ ពោលគឺចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើងបានពិពណ៌នាថា «វាគឺជាសង្រ្គាមប្រូកស៊ី (Proxy War) របស់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញប្រទេសរុស្ស៊ី»។​

ដោយឡែក ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ីតែងតែបានប្រកាន់ជំហរប្រ​ឆាំងនឹងការបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទ​ណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអង្គការសហប្រជាជាតិ និងលោកខាងលិចអស់ជាច្រើនឆ្នាំមកហើយ ដោយសារតែបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។​

ចំណែក លោក លីហ្វ អេរិក អ៊ីស្ល៊ី (Leif-Eric Easley) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ អេវ៉ា (Ewha) ក្នុងទីក្រុងសេអ៊ូល បានមានប្រសាសន៍ថា «ការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន ទៅលើទឹកដីអ៊ុយក្រែន គឺជាការគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេសរុស្ស៊ីផ្ទាល់»។ ​

លោកបានបន្ថែមថា ៖ «សង្គ្រាមនេះបានជះផលប៉ះពាល់ទៅកាន់រុស្ស៊ី ចិន និងកូរ៉េខាងជើង ហើយមន្ត្រីនៅទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង គួរធ្វើការសិក្សារៀនសូត្រឱ្យបានច្បាស់ ដើម្បីជៀសវាងការប្រព្រឹត្តកំហុសខុសដូចទីក្រុងមូស្គូ»៕

ប្រែសម្រួល៖ធា សុណាស

ប្រភព​៖ Channel NewsAsia North Korea expresses support for Moscow over mutiny

ads banner