ប៉ូលិសឥណ្ឌូនេស៊ីស៊ើបអង្កេតនិយតករឱសថ ជុំវិញករណីទឹកស៊ីរ៉ូបំបាត់ក្អកផ្ទុកជាតិពុល ដែលធ្វើឱ្យក្មេងៗស្លាប់

ហ្សាការតា៖ ប៉ូលិសឥណ្ឌូណេស៊ីកំពុងធ្វើការស៊ើបអង្កេតបឋមលើសកម្មភាពរបស់មន្ត្រីនៅនិយតករផ្នែកឱសថរបស់ប្រទេស ដែលអាចស្មើនឹងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មណាមួយ ជុំវិញការអនុញ្ញាតឱ្យមានការចែកចាយទឹកស៊ីរ៉ូបំបាត់ក្អកផ្ទុកជាតិពុល ដែលទាក់ទងនឹងនឹងការស្លាប់របស់ក្មេងជាង ២០០ នាក់ទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់អធិការកំពូលឥណ្ឌូណេស៊ី២រូប។

ការត្រួតពិនិត្យស៊ើបអង្កេតលើទីភ្នាក់ងារអាហារនិងថ្នាំ (BPOM) របស់ប៉ូលិសឥណ្ឌូនេស៊ីនាពេលនេះ គឺជាការដាក់ចំណាត់ការដ៏តានតឹងចុងក្រោយបង្អស់ដែលកើតចេញពីរដ្ឋ ខណៈគេមើលឃើញថា ប្រទេសនានាផ្សេងទៀតបាននិងកំពុងស្វែងរកការទទួលខុសត្រូវ ចំពោះករណីចែកចាយទឹកស៊ីរ៉ូដែលមានជាតិពុល ដែលផ្សារភ្ជាប់ទៅនឹងការស្លាប់របស់កុមាររាប់សិបនាក់ទៀតនៅក្នុងប្រទេសហ្គាំប៊ី និងអ៊ូសបេគីស្ថានកាលពីឆ្នាំមុន។

ក្រៅពីនេះផងដែរ អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយប្រទេសនានា ដើម្បីស៊ើបអង្កេតខ្សែចង្វាក់ផ្គត់ផ្គង់ឱសថសកលពាក់ព័ន្ធនឹងការចែកចាយទឹកស៊ីរ៉ូបែបនេះ។

កាលពីចុងឆ្នាំមុន ប៉ូលីសបានចាប់ខ្លួន និងចោទប្រកាន់បុគ្គលចំនួនប្រាំបីនាក់នៅក្រុមហ៊ុនឥណ្ឌូនេស៊ីផ្សេងៗគ្នា ដែលនាំចូល និងចែកចាយវត្ថុធាតុដើម ទៅឱ្យអ្នកផលិតទឹកស៊ីរ៉ូ ដែលគេរកឃើញថាមានផ្ទុកសារធាតុគីមីពុលកម្រិតឧស្សាហកម្ម ជំនួសឱ្យធាតុផ្សំស្របច្បាប់។

អ្នកដឹកនាំការស៊ើបអង្កេតរបស់ប៉ូលិសចំពោះករណីនេះ លោក Andika Urrasyidin បានប្រាប់រ៉យទ័រថា ប៉ូលិសបានកោះហៅមន្ត្រី BPOM ជាច្រើននាក់ ដើម្បីសាកសួរ ហើយការស៊ើបអង្កេតកំពុងដំណើរការបន្តទៅមុខ។ ខណៈមិនបញ្ជាក់ថាតើនឹងមានការដាក់ទោសទណ្ឌបែបណានោះ លោកនិយាយថា ប្រសិនបើប៉ូលិសរកឃើញថានរណាប្រព្រឹត្តបទល្មើសក្នុងសកម្មភាពណាមួយនោះ នោះពួកគេនឹងត្រូវទទួលខុសត្រូវ។

បើតាមរ៉យទ័រ មកទល់ពេលនេះ គ្មានមន្រ្តី BPOM ណាមួយរងការចោទប្រកាន់ពីបទល្មើសអ្វីនោះទេ ប៉ុន្តែប៉ូលិសអាចបន្តការចោទប្រកាន់ព្រហ្មទណ្ឌ ឬបិទការស៊ើបអង្កេត ដោយមិនចាត់វិធានការអ្វីទាំងអស់។

ខណៈមន្រ្តីនៃ BPOM មិនបានចេញការឆ្លើយតប លោក Hersadwi Rusdiyono ប្រធានអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប៉ូលីសជាតិឥណ្ឌូណេស៊ី បាននិយាយថា មន្ត្រី BPOM ត្រូវបាននាំយកមកធ្វើជាសាក្សី ប៉ុន្តែឥឡូវនេះ អ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថាតើមាននិយតករឱសថណាមួយ ប្រព្រឹត្តបទល្មើសដែរឬយ៉ាងណា។

លោកបានប្រាប់រ៉យទ័រថា ៖ «យើងបានសួរពួកគេយោងទៅតាមមុខងារ។ ក្នុងនាមជានិយតករ តើពួកគេបានដឹកនាំការត្រួតពិនិត្យ និងប្រភេទនៃការត្រួតពិនិត្យបែបណា។ ពួកគេត្រឹមតែជាសាក្សីប៉ុណ្ណោះ ហើយយើងកំពុងសម្របសម្រួលជាមួយរដ្ឋអាជ្ញា»៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner