កូរ៉េខាងជើងធ្វើការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ ដោយបរិហារអាមេរិក ខណៈព្រមានពីសង្រ្គាមនុយក្លេអ៊ែរ
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា កូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅទីក្រុងព្យុងយ៉ាង ដោយមានប្រជាជនស្រែកពាក្យស្លោក «សង្រ្គាមនៃការសងសឹក» ដើម្បីកម្ទេចសហរដ្ឋអាមេរិក ខណៈប្រទេសនេះប្រារព្ធខួបលើកទី ៧៣ នៃការផ្ទុះឡើងនៃសង្គ្រាមឧបទ្វីបកូរ៉េ។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
KCNA រាយការណ៍ថា ការប្រមូលផ្ដុំគ្នានោះមានការចូលរួមពីប្រជាជនអ្នកធ្វើការ និងសិស្សនិស្សិតប្រហែល ១២០ ០០០ នាក់។ ទន្ទឹមនឹងនេះ គេឃើញមានរូបថតដែល KCNA បានចែកចាយ ដោយបង្ហាញពីមនុស្សម្នានៅពេញមួយកីឡដ្ឋាន ដោយមានកាន់បដាដែលសរសេរថា «ទឹកដីអាមេរិកទាំងមូលស្ថិតនៅក្នុងរង្វង់ដែលយើងអាចបាញ់គ្រាប់ទៅ» និង «ចក្រពត្តិនិយមអាមេរិក ជាអ្នកបំផ្លាញសន្តិភាព»។
គួរបញ្ជាក់ថា ការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំក្នុងការប្រារព្ធខួបនៃសង្រ្គាមកាលពីថ្ងៃអាទិត្យ បានធ្វើឡើងចំពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាងអាចនឹងធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនជាថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនសមត្ថភាពយោធាក្នុងការឃ្លាំមើលសកម្មភាពរបស់គូប្រជែង រួមមានទាំងសហរដ្ឋអាមេរិក បន្ទាប់ពីការបាញ់បង្ហោះសាកល្បងលើកទី១បានបរាជ័យកាលពីចុងខែឧសភា។
ទីភ្នាក់ងារព័ត៌មាន KCNA ដដែល បាននិយាយថា កូរ៉េខាងជើងឥឡូវនេះមានអាវុធដែលខ្លាំងបំផុតដែលអាចបំផ្លាញ «ចក្រពត្តិនិយមអាមេរិក» ហើយ «អ្នកប្រយុទ្ធនៅលើទឹកដីនេះកំពុងឆេះឆួលជាមួយនឹងឆន្ទៈដែលមិនអាចអត់ឱនបាន ដើម្បីសងសឹកសត្រូវ»។
សូមរំឭកថា កូរ៉េខាងជើង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បាននិងកំពុងសាកល្បងអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន ដោយបង្កើនភាពតានតឹងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុងសេអ៊ូល។
ក្នុងសេចក្ដីរាយការណ៍ដាច់ដោយឡែកផ្សេងទៀត ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង «ដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ» ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការបញ្ជូនធនធានយុទ្ធសាស្ត្រសំខាន់ៗផ្សេងៗ ចូលមកក្នុងតំបន់៕ ប្រែសម្រួល៖ ហួន ឌីណា