របាយការណ៍៖ ការឡើងកំដៅខ្លាំងហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់ជនមានពិការភាព
ម៉ាឌ្រីដ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃចន្ទនេះថា ជនពិការភាពនៅក្នុងប្រទេសអេស្ប៉ាញ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត រងផលប៉ះពាល់ដោយសារកម្រិតកំដៅខ្លាំងហួសហេតុ ដែលមិនធ្លាប់មានពីមុនមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាកងារសារព័ត៌មានរ៉យទ័រ។
អង្គការនិយាយថា ជនមានពិការភាពប្រឈមនឹងហានិភ័យនៃការស្លាប់ បញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម ដោយសារកំដៅខ្លាំង ជាពិសេសប្រសិនបើពួកគេត្រូវបានទុកចោលឱ្យទប់ទល់នឹងសីតុណ្ហភាពដ៏គ្រោះថ្នាក់បែបនេះ ដោយខ្លួនឯង។
របាយការណ៍របស់ HRW បានគូសបញ្ជាក់ថា ជនមានពិការភាពមួយចំនួន អាចមានបញ្ហាសុខភាព ឬប្រើថ្នាំ ដែលអាចប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការឆ្លើយតបនឹងកំដៅ ខណៈការស្នាក់នៅតែក្នុងផ្ទះដើម្បីកុំឱ្យប្រឈមមុខនឹងកម្ដៅ ក៏ធ្វើឱ្យពួកគេមានភាពឯកោក្នុងសង្គម។
ជំនួយការអ្នកស្រាវជ្រាវសិទ្ធិជនមានពិការភាពនៅ HRW លោក Jonas Bull បានប្រាប់រ៉យទ័រថា ភាពចង្អៀតនៃទីក្រុងកាន់តែធ្វើឱ្យបញ្ហាសម្រាប់ជនមានពិការភាពពិបាកខ្លាំង។ លោកបន្តថា ការស្រាវជ្រាវនៃរបាយការណ៍ចុងក្រោយនេះ ផ្តោតលើប្រទេសអេស្ប៉ាញ ប៉ុន្តែអាចយកទៅប្រើបានសម្រាប់ប្រទេសផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប ដែលអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាទ្វីបដែលមានកំដៅឡើងលឿនបំផុតនៅលើភពផែនដី។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដដែល និយាយទៀតថា កង្វះអ្នកតំណាងសម្រាប់ជនមានពិការភាពក្នុងដំណើរការនៃការបង្កើតផែនការសង្គ្រោះបន្ទាន់ដោយសាររលកកម្ដៅ ធ្វើឱ្យគេពិបាកដឹងឮពីទុក្ខព្រួយកង្វល់របស់ជនមានពិការភាព ដែលធ្វើឱ្យតម្រូវការរបស់ពួកគេមិនត្រូវបានរាប់បញ្ជូលក្នុងផែនការសង្រ្គោះបន្ទាន់ទាំងនោះ។
ជុំវិញបញ្ហានេះ HRW បានគូសបញ្ជាក់ថា ក្នុងប្រទេសអេស្បាញ ដែលកម្ដៅឡើងដល់ចំណុចកំណត់ត្រាកាលពីរដូវក្តៅឆ្នាំមុន ផែនការជាតិដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានរាយបញ្ជីសកម្មភាពដើម្បីការពារប្រជាជន «ងាយរងគ្រោះ» ប៉ុន្តែមិនបានដាក់ជាវិធានការជាក់លាក់ណាមួយសម្រាប់ជនមានពិការភាពនោះទេ។
គួរបញ្ជាក់ថា រលកកំដៅបាននាំឱ្យមានការស្លាប់លើសចំនួន ១៦ ០០០ នាក់កាលពីឆ្នាំមុននៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែប្រទេសមួយចំនួន រួមទាំងប្រទេសអេស្ប៉ាញ មិនបានបំបែកទិន្នន័យដើម្បីបង្ហាញពីរបៀបដែលជនមានពិការភាពត្រូវរងផលប៉ះពាល់ដោយសារការឡើងកម្ដៅនោះទេ។ HRW បាននិយាយថា ទិន្នន័យមានសារៈសំខាន់ណាស់ ដើម្បីអាចអនុវត្តវិធានការកំណត់គោលដៅសម្រាប់ជនមានពិការភាព៕ ប្រែសម្រួល៖ ហួន ឌីណា