សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣.៦០០រូប នៅវិមាន៧មករា។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាព សម្រួលការលំបាក ដោះស្រាយបញ្ហាប្រឈម និងកែលម្អជីវភាពរស់នៅ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា៖«ការជួបជុំនាពេលនេះ បានបង្ហាញពីកម្លាំងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ ដែលបានចងក្រង ពង្រឹង ពង្រីក រចនាសម្ព័ន្ធសមាជិក សមាជិកា របស់ខ្លួនរហូតមានសមាជិកសរុបចំនួនជាង ១២០០០ នាក់»

សម្ដេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីប្រវត្តិ សមិទ្ធផល និងស្នាដៃ របស់ គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញពីការរំដោះជាតិ បញ្ចប់សង្រ្គាម និង ស្វែងរកសុខសន្តិភាពរហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស ពីមួយ ដំណាក់កាលទៅមួយដំណាក់កាល ជាពិសេសក្នុងដំណាក់កាលចុងក្រោយ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងភាពជោគជ័យក្នុងនាម ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិនានា។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមអំពីការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ គិតគូរគ្រប់ជ្រុងជ្រោយ និងចក្ខុវិស័យច្បាស់លាស់របស់គណៈបក្សប្រជាជន ព្រមទាំងការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់នានាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តអោយសមាជិក សមាជិកាទាំងអស់ ត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលដ៏ខ្លីខាងមុខឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើន៕
ដោយ ថេត វិចិត្រ +ហេង សម្បត្តិ