រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ កម្ពុជានឹងនាំចេញអង្ករ ២ ៥០០ តោនទៀតទៅហ្វីលីពីន ក្នុងដំណាច់ខែមិថុនានេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា បន្ទាប់ពីកម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីន នៅក្នុងចុងខែឧសភាកន្លងទៅ ក្នុងបរិមាណចំនួន ២ ៥៧៥ តោន ទទួលបានជោគជ័យ នាពេលនេះកម្ពុជាគ្រោងនឹងនាំចេញបន្តទៅហ្វីលីពីន បរិមាណ ២ ៥០០តោនទៀត នាពេលឆាប់ៗខាងមុខនេះ។ (រាយការណ៍ោយស្រីណុច)។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធការបើកទីផ្សារអង្ករកម្ពុជាទៅប្រទេសហ្វីលីពីននាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។នេះជំហានថ្មីមួយទៀតក្នុងការបើកទីផ្សារ ជាពិសេសទីផ្សារប្រទេសហ្វ៊ីលីពីន ដែលជាទីផ្សារដ៏មានសក្តានុពល សម្រាប់វិស័យស្រូវ-អង្ករនេះ។

ឯកឧត្តមបានថ្លែងបន្តថា ទន្ទឹមនឹងមានការទីផ្សារថ្មីបន្ថែម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក៏បានគិតគូរ និងយកចិត្តទុកដាក់លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់វិស័យស្រូវ-អង្ករនេះផងដែរ។

ឯកឧត្តមមានប្រសាស៍ថា ក្នុងព្រឹត្តិការណ៍ប្រជុំអាស៊ានសប្ដាហ៍កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានស្នើបន្ថែមទៀតឱ្យប្រទេសនានា រួមទាំងហ្វីលីពីន និងប្រទេសមួយចំនួនជួយទិញអង្ករពីកម្ពុជា ព្រមទាំងស្នើប្រទេសណូវែលសេឡង់ឱ្យមកបណ្តាក់ទុនវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់វិស័យស្រូវ-អង្ករនេះ ដូចជាឃ្លាំងស្តុក ឡសម្ងួត និងការកែច្នៃបន្ថែមក្នុងប្រទេសកម្ពុជា ដើម្បនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»។

ចំណែក លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ចាប់តាំងពីប្រទេសកម្ពុជាធ្វើការនាំចេញអង្ករលើកដំបូងនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ប្រទេសកម្ពុជាធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួនពីរដងគត់ ។គឺលើកទី១ នៅឆ្នាំ២០២០ ចំនួន ៣០០ តោន និងលើកទី២ ចំនួន ១០០ តោន នៅឆ្នាំ២០២១។

លោកបានបញ្ជាក់ដូច្នេះថា ៖ «យើងខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងដំបូងចំនួន ២ ៥៧៥ តោននេះ គឺជានិមិត្តរូបដ៏ល្អមួយនៃកិច្ចចាប់ផ្តើមពាណិជ្ជកម្មអង្ករកម្ពុជា-ហ្វីលីពីន។ យើងនឹងប្រឹងប្រែងធ្វើការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើកិច្ចផ្សព្វផ្សាយ ការជំរុញទីផ្សារ និងទាក់ទាញអតិថិជនហ្វីលីពីនឱ្យចូលចិត្តប្រើប្រាស់ និងទទួលទានអង្ករកម្ពុជាឱ្យកាន់តែច្រើនឡើង»។

ចំណែក លោក គឹម សាវុធ ប្រធានក្រុមហ៊ុន Khmer Foods Group ដែលជាក្រុមហ៊ុនតែមួយគត់ ដែលបាននាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចំនួន ២ ៥៧៥ តោន កាលពីខែឧសភា និងបន្តការនាំចេញជាបន្តបន្ទាប់ទៀតនោះ បានលើកឡើងថា ដៃគូប្រកួតប្រជែងរបស់កម្ពុជា គឺវៀតណាម និងថៃ ដែលប្រទេសទាំងពីរនេះ នាំអង្ករទៅហ្វីលីពីនច្រើនជាងគេ។

លោកបានប្រាប់ថា ៖ «ហ្វីលីពីនជា ប្រទេសនាំចូលអង្ករដ៏សំខាន់មួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈកម្ពុជាបាននិងកំពុងផលិតស្រូវលើសរាប់លានតោនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែរ។ សមិទ្ធផលនេះជាលទ្ឋផលនៃភាពជាដៃគូចុះសម្រុងគ្នារវាងរាជរដ្ឋាភិបាល ខ្ញុំសង្ឃឹមថា គំរូការងារនេះនឹងត្រូវអនុវត្តចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតក្នុងការពង្រីកទីផ្សារអង្ករកម្ពុជានៅទូទាំងពិភពលោក។ សាមគ្គីភាពរវាងរាជរដ្ឋភិបាល និងវិស័យឯកជន នឹងនាំមកនូវកំណើនដ៏ច្រើនដល់ការនាំចេញអង្ករកម្ពុជា»។

សូមជម្រាបថា ហ្វីលីពីន ជាប្រទេសផលិត និងនាំចូលអង្ករ ធំមួយនៅក្នុងពិភពលោក ដែលឈរនៅលំដាប់លេខរៀងទី៤ នៅលើពីភពលោក និងលេខរៀងទី២ បន្ទាប់ពីប្រទេសចិន នៅក្នុងទ្វីបអាស៊ី ដោយបាននាំចូលអង្ករប្រមាណជាងបី លានតោន ហើយភាគច្រើនប្រទេសក្នុងអាស៊ាន៕ ដោយ៖ វណ្ណ សុជាតា

ads banner