«អគារសាលាយុត្ដិធម៌» ដែលបានចំណាយថវិកាជាង១៤លានដុល្លារត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ «អគារសាលាយុត្ដិធម៌» ដែលជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ, មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ,សាលាដំបូងរាជធានីភ្នំពេញនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចំណាយថវិកាប្រមាណ ១៤,៦លានដុល្លារអាមេរិក ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកនៅថ្ងៃទី២៦ ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងនាឱកាសនោះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ដីមួយកន្លែងទំហំ ៩ ៤៥៦ ម៉ែត្រក្រឡា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ (ក្នុងតំបន់អភិវឌ្ឍន៍ (OCIC) សម្រាប់សាងសង់នូវអគារសាលាយុត្តិធម្មថ្មី ដែលនឹងក្លាយជាកន្លែង បំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ។

ឯកឧត្តមបានលើកឡើងដែរថា ការសាងសង់អគារឡើង ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មានទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការ គ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្ដែង។

អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារ សាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា និងយកតាមលំនាំអគារសាលាយុត្ដិធម៌ ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ដែលបច្ចុប្បន្នជាអគារទីស្ដីការក្រសួងយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ បានថ្លែងថា ៖ «អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កៃនេះ បានសាងសង់ដោយប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក ហើយអគារនេះ បានបែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ»។

ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺយកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា «វិមានយុត្តិធម៌ (Palais de Justice)» ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់ អ្នកប្រើប្រាស់សេវានេះ។

យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា បច្ចុប្បន្ន ចំនួនចៅក្រម និងព្រះរាជអាជ្ញាសរុប នៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ មានចំនួន ៦០៥ នាក់, ក្រឡាបញ្ជីសរុបមានចំនួន ៩០០ នាក់, អាជ្ញាសាលាសរុបមានចំនួន ២០ នាក់ និងមន្ត្រីរដ្ឋបាលតុលាការសម្រាប់តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស សរុបមានប្រមាណ ២៣៥៣ នាក់។

ដោយឡែក សម្រាប់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, មន្ត្រីដែលកំពុងបម្រើការសរុបមានចំនួន ៤៦៣ នាក់ (ស្ត្រី ១៥៣ នាក់) ក្នុងនោះចៅក្រមមានចំនួន ៤២ នាក់, ព្រះរាជអាជ្ញាមានចំនួន ២៥ នាក់, ក្រឡាបញ្ជីមានចំនួន ១៨៨ នាក់, អាជ្ញាសាលាមានចំនួន ១០ នាក់ និងមន្ត្រីរដ្ឋបាលតុលាការសរុបចំនួន ១៩៨ នាក់។

របាយការណ៍ដដែលបានបន្តថា សម្រាប់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, មន្ត្រីដែលកំពុងបម្រើការសរុបមានចំនួន ១៨២ នាក់ (ស្ត្រី ៦៨ នាក់) ក្នុងនោះចៅក្រមមានចំនួន ២៣ នាក់, ព្រះរាជអាជ្ញាមានចំនួន ១៥ នាក់ ក្រឡាបញ្ជីមានចំនួន ៤០ នាក់ និងមន្ត្រីរដ្ឋបាលតុលាការចំនួន ១០៥ នាក់៕ ដោយ៖នាង សុគន្ធា

ads banner