បេឡាជាតិរបបសន្តិសុខសង្គមប្រកាសឱ្យក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ត្រូវចុះបញ្ជីបុគ្គលិករបស់ខ្លួន ដើម្បីកុំឱ្យរងពិន័យតាមច្បាប់កំណត់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីនៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)បានប្រកាសឱ្យក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ទាំងអស់ ដែលប្រើប្រាស់បុគ្គលិកចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកាជាមួយ ប.ស.ស ហើយប្រសិនជាគេចវេសមិនចុះបញ្ជិកាឱ្យបុគ្គលិករបស់ខ្លួន ក្រុមហ៊ុនទាំងនោះ នឹងត្រូវរងពិន័យតាមច្បាប់កំណត់។

នេះជាការលើកឡើងពីសំណាក់ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គមនៃប.ស.ស កាលពីថ្ងៃទី២៥ ខែមិថុនាក្នុងពិធីធ្វើបទបង្ហាញដល់សហជីពកម្ពុជា។

តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម លោក សុក បូរ៉ា បានថ្លែងថា ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកា មកក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

លោក សុក បូរ៉ា ថ្លែងថា ៖ «ប្រសិនបើក្នុងករណីដែល ប.ស.ស. រកឃើញថា ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថាន ដែលកំពុងប្រើប្រាស់បុគ្គលិក ឬកម្មករ ហើយមិនបានចុះបញ្ជីមកក្នុង ប.ស.ស. នោះ ប.ស.ស. នឹងប្រើប្រាស់យន្តការចុះធ្វើអធិការកិច្ច ហើយបន្ទាប់ពីការចុះធ្វើអធិការកិច្ចរួចហើយ ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានទាំងនោះ នៅតែមិនព្រមចុះបញ្ជីឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនទៀត នោះនឹងត្រូវរងការផាកពិន័យតាមច្បាប់កំណត់»។

លោកប្រធាននាយកដ្ឋានបានឱ្យដឹងទៀតថា ចំពោះការផាកពិន័យនេះគឺម្ចាស់ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុងក្រោយការពិន័យរួច ហើយកាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស. នៅតែបន្តធ្វើដដែរ។ លោកបន្ថែមថា សម្រាប់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅ ប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធនដោយស្វ័យប្រវត្តិ។

លោកបន្តថា នៅពេលដែលបងប្អូនសមាជិកទាំងអស់ដល់អាយុចូលនិវត្តន៍ ប.ស.ស. នឹងបើកប្រាក់សោធនជូនជារៀងរាល់ខែ ដោយក្នុងមួយខែបើកជូនពីរដង ហើយអ្វីដែលកាន់តែពិសេសនោះ គឺសោធនិកទាំងអស់នឹងទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃពី ប.ស.ស. ផងដែរ៕ ដោយ៖ ជា សុខនី

ads banner