ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមកញ្ចប់ថវិកា ២០០ លានដុល្លារ ដើម្បីវិនិយោគរយៈពេលវែងលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ភ្នំពេញ៖ យោងតាម​លទ្ធផលនៃកិច្ចចរចាររួមគ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូរបស់តំណាងស្នាក់ការកណ្តាលរបស់ធនាគាអភិវឌ្ឍន៍អាស៊ី ឬ អេឌីប៊ី(ADB) កាលថ្ងៃទី២៧ ខែមិថុនា​ បាន​ឱ្យដឹងថា ​ADB​ បានត្រៀមកញ្ចប់ថវិកាថ្មីចំនួន ២០០ លានដុល្លារ ដើម្បីចូលរួមវិនិយោគរយៈពេលវែងលើវិស័យគ្រ​ប់គ្រងធនធានទឹក និងឧតុនិយមនៅទូទាំងប្រទេសកម្ពុជា។ ​

កិច្ចចរចាររួមគ្នានេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ, តំ​ណាងស្នាក់ការកណ្តាលរបស់ធនាគាអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក អាល់វីន ឡូប៉េ(Alvin Lopez) មន្ត្រីជាន់ខ្ពស់របស់ ADB ប្រចាំនៅ ADB HQ, លោក ឡុង ពិសិទ្ធ មន្រ្តីជាន់ខ្ពស់របស់ ADB ប្រចាំនៅក្នុងស្ថានស្នាក់ការតំ​ណាងរបស់ ADB ក្នុងប្រទេសកម្ពុជា និង​លោក លី ហ្សីន(Ly Zine) ប្រធានក្រុមទីប្រឹក្សាកសាងគម្រោងខ្នាតធំរបស់ អេឌីប៊ី  ។ ​

តាមរយៈ​ក្រសួង​ធនធានទឹក និងឧតុនិយម ​ឯកឧត្តម ចាន់ ស៊ីណាត ​បានលើកឡើងថា កិច្ចចរចារនេះ គឺបា​នធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិ​យម ដើម្បីលើកយកយុទ្ធសាស្រ្តថ្មីៗក្នុងការបំពេញបេសកកម្មដ៏សកម្ម តាមចក្ខុវិស័យដ៏ច្បាស់លាស់ក្នុងគ្រ​ប់រយៈពេលទាំងអស់នៃវិស័យធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា។ឯកឧត្តមបន្តថា ដើម្បីធ្វើការគាំទ្រដល់រាជរដ្ឋាភិបាល លើគ្រប់ខណៈឱ្យអស់ពីកម្លាំងកាយចិត្តក្នុងការគ្រ​ប់គ្រ​ងទឹក ប្រើប្រាស់ទឹក បញ្ជាទឹក និងកិច្ចអភិវឌ្ឍន៍ក្នុងវិស័យឧតុនិយមប្រកបដោយសន្តិសុខ សុវត្ថិភាព និងនិ​រន្តរភាព និងដោយបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើ​បក្រសួងបើកឱ្យមានកិច្ចចរចាររួមគ្នារវាងស្ថាប័នពាក់ព័ន្ធនាពេលនេះ។​

ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងទៀតថា តាមរយៈការចរចាររួមគ្នា គឺបានទទួលនូវលទ្ធផលល្អជាអតិបរមា ​លើការ​អនុវត្តផែនការការងារនៃ​ការ​វិនិយោគរយៈពេ​លវែងលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិ​យ​ម ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា គឺអេឌីប៊ី បានត្រៀមហើយជាស្រេចនូវកញ្ចប់ថវិកាថ្មីរបស់ខ្លួន ចំនួន ២០០ លានដុល្លារអាមេរិក ចូលរួមវិនិយោគក្នុងការអនុវត្តផែនការការងារ​នេះ។

លោកបានបញ្ជាក់ថា ៖ «លើសពីនេះ  អេឌីប៊ី  ក៏បានសន្យា នឹងដឹកនាំកិច្ចពិភាក្សាត្រីភាគីម្តងទៀត ដើម្បីធ្វើកា​របង្កើនពិដានទុនវិនិយោគរបស់អេឌីប៊ីឱ្យបានអស់លទ្ធភាពជាអតិបរមាក្នុងវិស័យទឹកនេះបន្ថែមទៀតផ​ងដែរ»​។​

តាមលទ្ធផលនៃកិច្ចចរចារនេះដែរ ក្រសួង​បានបញ្ជាក់ថា ​ខាងធនាគារ​ ADB បានយល់ព្រមតាមសំណើរ​បស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរការកិច្ចអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្នុងនិ​យាមធ្វើទំនើបកម្មវិស្វកម្មតំបន់សេដ្ឋកិច្ចប៉ូលទី​៤ របស់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា។

ក្រសួង​បន្តថា តំបន់​ទាំងនោះ ​គិតចាប់ពីអនុតំបន់៥, អនុតំបន់ទំនប់តាម៉ុក និងទំនប់ថ្មី ពីអនុតំបន់ទន្លេល្ពៅរបស់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ ពីអនុតំបន់រវៀង, អនុតំបន់សង្គមថ្មី, អនុតំ បន់ទំនប់បាដាកនៃខេត្តព្រះវិហារ ជាប់នឹងភ្នំដែករបស់ខេត្តកំពង់ធំ ដល់អនុតំបន់ ៣០ កញ្ញា និងអនុតំបន់អន្សាក្រងផ្ទះឌុច រហូតដល់តំបន់បឹង៕ដោយ៖បូរ ពេជ្រហ្សាលីន

ads banner