រយៈពេលប្រាំមួយខែជនរងគ្រោះដោយសារមីន ថយចុះជិតពាក់កណ្ដាល ធៀបនឹងឆ្នាំ២០២២
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២៣នេះ បានរកឃើញថា ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានការថយចុះប្រមាណ ៤៨ភាគរយភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីននៃអាជ្ញាធរមីន បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមិថុនាថា ចាប់ពីខែមករា ដល់ខែមិថុនា ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២១នាក់ ខណៈដែលតួលេខនេះអាជ្ញាធរមីនបានវាយតម្លៃថាថយចុះប្រមាណ ៤៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានជនរងគ្រោះសរុប ៤០នាក់។
របាយការណ៍បានបន្តថា ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២១នាក់នោះ ក្នុងនោះមានជនរងគ្រោះដោយសារមីនចំនួនប្រាំបីនាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៣នាក់។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន នៃអាជ្ញាធរមីន បានបញ្ជាក់ថា ៖ «ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២១នាក់នេះ ក្នុងនោះមានជនរងគ្រោះជាបុរសចំនួន ១៦នាក់ និងជាកុមារាចំនួនបួននាក់ និងស្ត្រីមួយនាក់ ដែលមានអ្នកស្លាប់បីនាក់ អ្នករងរបួសចំនួន ១២នាក់ និងអ្នករងគ្រោះក្លាយជាជនពិការអវៈយវៈចំនួនប្រាំមួយនាក់»។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រាប់ឱ្យដឹងផងដែរថា ចំពោះលទ្ធផលទាំងនេះ អាជ្ញាធរមីនពិតជាមានការសាទរ ដែលចំនួនប្រជាពលរដ្ឋរងគ្រោះដោយសារមីន និងសំណង់ជាតិផ្ទុះពីសង្គ្រាម មានការថយចុះជាងឆ្នាំមុន។
ឯកឧត្តមបន្តថា ការថយចុះចំនួនជនរងគ្រោះនេះ គឺកើតពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីននៅតាមសហគមន៍មូលដ្ឋានដោយមានអាជ្ញាធរមីន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, កងកម្លាំងនគរបាលជាតិ, អង្គភាពស៊ីម៉ាក់, អង្គភាពមួកខៀវ រួមទាំងអាជ្ញាធរផែនដីផងដែរ បានចូលរួមផ្សព្វផ្សាយទៅលើកិច្ចការទាំងនេះ។
ឯកឧត្តម លី ធុជ បានថ្លែងថា ៖ «ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហាក់បីជាពួកគាត់បានដឹង និងមានការយល់កាន់តែច្បាស់ពីគ្រោះថ្នាក់នៃគ្រាប់មីន ពិសេសជារៀងរាល់ឆ្នាំនាយករដ្ឋមន្ត្រីកម្ពុជា តែងតែមានសារផ្សព្វផ្សាយក្នុងឱកាសទិវាយល់ដឹងអំពីសំណង់ជាតិផ្ទុះពីសង្រ្គាមជាដើម»។
ក្រៅពីនេះទៀតលោកថា សមទ្ធិផលទាំងនេះ វាក៏កើតឡើងពីអាជ្ញាធរមីន បានរៀបចំកំណត់តំបន់ដែលជាគោលដៅគ្រោះថ្នាក់ណាមួយដែលកំពុងមានវត្តមានគ្រាប់រំសេវ គឺអាជ្ញាធរតែងតែដាក់ផ្លាកសញ្ញាហាមឃាត់កុំឱ្យប្រជាពលរដ្ឋចុះទៅ ឬក៏ចូលទៅតំបន់ទាំងនោះផងដែរ។
ឯកឧត្តម លី ធុជ មានប្រសាស៍ថា ៖ «សរុបសេចក្ដីមក ការថយចុះនេះ មានទាំងកិច្ចខិតខំប្រឹងប្រែង មានទាំ ងមធ្យោបាយជាថវិកា ជាធនធានមនុស្ស ដែលរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាពហើយ និងពុះពារខិតខំសង្គ្រោះប្រជាពលរដ្ឋ និងអត្រាការស្លាប់ ដោយសារបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម»។
អាជ្ញាធរមីនបានឱ្យដឹងថា រយៈពេល៣០ឆ្នាំ (១៩៩២-២០២២) កម្ពុជារំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ ៥៧៩ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីន និងសំណល់ជាតិផ្ទុះបានរាប់លានគ្រាប់ និងមានអ្នកទទួលផលប្រមាណជាង៩ លាននាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ កាលពីថ្ងៃទី១៥ ខែមិថុនា បានឱ្យដឹងថា គម្រោងបោសសំអាតមីនដំណាក់កាលទី៤ (២០២០-២០២៥) ផ្តោតលើខេត្តចំនួនបី គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពង្រីកការបោសសំអាតមីនបន្ថែមក្នុងខេត្តឧត្តរមានជ័យនិងព្រះវិហារ មានថវិកាសរុប ២០,៨៣ លានដុល្លារអាមេរិក។ ថវិកាទាំងនេះបានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្រ្តាលី នូវែលសេឡង់ ភ្នាក់ងារកយកា(KOICA) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)៕ដោយ៖ជា សុខនី

