កុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទទៀត នឹងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរពីខែកក្កដាឆ្នាំ២០២៣ដល់ថ្ងៃ៣១ខែមិថុនាឆ្នាំ២០២៤
ភ្នំពេញ៖ កុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាទទួលបានពីប្រជាពលរដ្ឋផ្តល់ជូនរយៈពេលមួយឆ្នាំពេញ នឹងត្រូវរៀបចំពិព័រណ៍បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលការបង្ហាញនេះនឹងធ្វើឡើងពីខែកក្កដាខាងមុខរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។
ប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៨ ខែមិថុនា បានឱ្យដឹងថា ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ខែមិថុនាឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនាសិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។
នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក ភួយ សាវឿត បានលើកឡើងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះនឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹងមានស្រទាប់រលោងពណ៌ត្នោតនិងពណ៌បៃតងដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី១,០០០ ទៅ១,២០០អង្សាសេ។
លោកបានបញ្ជាក់ថា ៖ «ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួនប្រាំបីក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយក្រៅពីកុលាលភាជន៍ ក៏មានវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទតាំងបង្ហាញផងដែរ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈមានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា»។
ជាមួយគ្នានោះលោក ភួយ សាវឿត បានអំពាវនាវដល់សាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវ មកទស្សនា សិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ។
លោកបន្តថា មន្ត្រីជំនាញរបស់សារមន្ទីរនឹងធ្វើបទបង្ហាញជូនពីព័ត៌មានថ្មីៗទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជនក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព។ ដូចនេះ សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។
សូមរម្លឹកផងដែរថា កាលពីដើមខែមិថុនា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក៏បានទទួល សមុច្ច័យជាសំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំ ចំនួន៣០សមុច្ច័យ ពីប្រជាពលរដ្ឋរស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវផងដែរ សម្រាប់ធ្វើការដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះ។
សមុច្ច័យទាំងនោះមានដូចជា ក្រណាត់ហូល សំពត់ហូល អាវហូល សរសៃសូត្រ និងកៀត ចំនួន៣០សមុច្ច័យ ដែលប្រជាពលរដ្ឋ រស់នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ស្ម័គ្រចិត្តប្រគល់ជូន យកមករក្សាទុកនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។
មកដល់ពេលនេះសមុច្ច័យសរុបមានចំនួន៥១សមុច្ច័យហើយ ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានទទួលពីបងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
យោងតាមនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយបានឱ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មកដោយមានថែរក្សានិងអភិរក្សវត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានាយកមករក្សាទុកនៅទីនេះ។
សារមន្ទីរមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០ព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕ ដោយ៖នាង សុគន្ធា

