មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលធ្វើការជំរុញ និងលើកទឹកចិត្តឱ្យចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជាបានជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិត ខណៈមជ្ឈមណ្ឌលជាតិផ្តល់ឈាមអះអាងថា ការបរិច្ចាគឈាមនាពេលបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ពោលគឺបានត្រឹម តែ៦០ភាគរយ នៃតម្រូវការឈាមសរុប ១៧ម៉ឺនប្លោកប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ។

លោកជំទាវ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសទិវាអន្តរជាតិនៃអ្នកបរិច្ចាគឈាម ធ្វើឡើង​នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន RSJC ​ថ្ងៃទី២៨ ខែមិថុនា បានថ្លែងថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋខ្លះ បានទៅផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម យ៉ាងទៀងទាត់ ដោយមានអ្នកខ្លះបានផ្តល់ឈាមរហូតដល់ទៅ៧០ដងឯណោះ។ ប៉ុន្តែនៅតាមមន្ទីរពេទ្យនានា នៅតែមានការខ្វះខាតឈាម ដោយ​សារតែ កំណើនជនរងគ្រោះដែលត្រូវការឈាម ខណៈដែលអ្នកបរិច្ចាគឈាមនៅមានកម្រិតនៅឡើយ។

លោកជំទាវ​ថ្លែងដូច្នេះថា ៖ «បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរជាច្រើន នៅមិនទាន់បានយល់​ពីសារៈប្រយោជន៍នៃការបរិច្ចាគឈា​មនៅឡើយទេ។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យស្ម័គ្រចិត្តផ្តល់ឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្រ្គោះជីវិតមនុស្សឱ្យបានគ្រប់តាមតម្រូវការជាក់ស្តែង»។

ជាមួយគ្នានោះ លោកជំទាវក៏​​បានថ្លែងដោយ​​​ផ្តល់តម្លៃដល់អ្នកបរិច្ចាគឈាម និងបានផ្តល់ការលើកសរសើរដល់អ្នកផ្តល់ឈាមដោ​យស្ម័គ្រចិត្តថា ជាវីរៈបុរស ដែលជួយសង្រ្គោះជីវិតមនុស្សថែមទៀតផង។

នាឱកាសនោះដែរលោកស្រី​ មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងដែរថា​ នៅក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជា មានតម្រូវការឈាមប្រមាណ១៧ម៉ឺនប្លោក ដើម្បីបំពេញសេចក្តីត្រូវការនៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស។ប៉ុន្តែបច្ចុប្បន្នទាំងអ្នកស្ម័គ្រចិត្តផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងអ្នកបរិច្ចាគនៅតាមមន្ទីរនានា មានប្រមាណតែ៦០ភាគរយប៉ុណ្ណោះ នៃតម្រូវការសរុប។​

 លោកស្រីបានបញ្ជាក់ដូច្នេះថា ៖ «ការផ្តល់ឈាមធ្វើឡើងតាមវិទ្យាសាស្រ្ត ដោយសុវត្ថិភាព ដោយការបរិច្ចាគឈាមម្តងមានក​ម្រិត៣៥០មីលីលីត្រ ដែលស្មើនឹងប្រមាណ៧ភាគរយតែប៉ុណ្ណោះ នៃចំណុះឈាម ដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះ យើងអា​ចបរិច្ចាគឈាម ជារៀងរាល់បីខែម្តងចំពោះបុរស និងបួនខែម្តង ចំពោះស្រ្តី»។

​លោកស្រី​ បានអំពាវនាវផងដែរថា ៖ «​សូម​ប្រជាពលរដ្ឋទាំងអស់ ​មេត្តាចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីមន្ទីររបស់យើងទាំងអស់មានឈាមប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការង ព្រោះយើងនៅខ្វះច្រើនដែរ ដល់ទៅចិត៤០ភាគរយទៀត។ ហេតុនេះហើយមានតែការបរិច្ចាគឈាមដោយស្ម័គ្ររបស់បងប្អូនទេ ទើបអាចបំពេញសេចក្តីត្រូវការនេះបាន»។

ចំណែក លោកស្រី រាជ សំណាង អគ្គនាយិកានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន RSJC និង​ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេ រីសសសន៍ ដែលជាក្រុមហ៊ុននាំពលករខ្មែរទៅធ្វើការនៅជប៉ុនដោយស្របច្បាប់ ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តពីសំណាក់បុគ្គលិក សិស្ស និងសាធារណជននៅព្រឹកមិញនេះដែរ មានក្តីសង្ឃឹមថា សកម្មភាព​នៃការបរិច្ចាគនេះ នឹងអាចក្លាយជាគំរូមួយសម្រាប់វិស័យឯកជនដទៃទៀតក្នុងការ ចូលរួមជួយសង្គម តាមរយៈការបរិច្ចាគឈាមនេះ។

លោកស្រី​ថ្លែងថា ៖ «ការផ្តួចផ្តើមគំនិតឱ្យ បុគ្គលិក និងសិស្សដែលត្រៀមចេញទៅធ្វើការនៅប្រទេសជប៉ុន ក៏ដូចជាសាធារណជនទូទៅបានចូលរួមបរិច្ចាគឈាមនេះ ដោយសារតែយើងបានយល់ពីសារៈសំខាន់នៃឈាម ក្នុងការជួយជីវិតមនុស្ស។ យើងសង្ឃឹមថាសកម្មភាពរបស់ក្រុមហ៊ុនយើងនាពេលនេះ នឹងធ្វើឱ្យក្រុមហ៊ុនឯកជនដទៃ យល់ដឹងពីសារៈប្រយោជន៍នសការបរិ​ច្ចាគឈាម និងចូលរួមបរិច្ចាគ​ឱ្យបានគ្រប់គ្នា»។

នៅអំឡុងពេលបរិច្ចាគឈាម លោក អ៊ូ សារិទ្ធ ដែលជាសិស្សសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន RSJC និងត្រៀមចេញទៅធ្វើការនៅប្រទេសជប៉ុននាពេលឆាប់ៗនេះ បាននិយាយដោយក្តីរីករាយថា ការបរិច្ចាគឈាម ប្រៀបដូចជាការធ្វើបុណ្យធំមួយ សម្រាប់លោក។

លោកបានប្រាប់ថា ៖ «នេះជាលើកទីមួយហើយ ដែលខ្ញុំបានបរិច្ចាគឈាម ព្រោះកន្លងមកខ្ញុំរវល់ពេកមិនដែលបានទៅបរិច្ចាគឈាមនៅមជ្ឈ​មណ្ឌ​លជាតិផ្តល់ឈាម។ ម្យ៉ាងវិញទៀតកន្លងទៅ ខ្ញុំមិនទាន់បានដឹងច្បាស់ពីព័ត៌មាននៃការបរិច្ចាកគឈាមនេះ។ មុនចេញទៅជប៉ុន ខ្ញុំសង្ឃឹមថា ការបិរច្ចាគឈាមរបស់ខ្ញុំនេះ នឹងអាចជួយជីវិតមនុស្សបាន»។

បើតាមលោកស្រី ​មើក សាមាន ការបរិច្ចាគឈាមនាពេលបច្ចុប្បន្ននេះ ដែលមានប្រមាណ ៦០ភាគរយនេះ គឺសរុបទាំងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងការផ្តល់ឈាមជំនួស ខណៈដែលការបរិច្ចាគឈាមដោយស្ម័គ្រមានត្រឹមប្រមាណ១៥ភាគរយប៉ុណ្ណោះ នៃតម្រូវការឈាមសរុប ១៧ម៉ឺនប្លោកប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ៕

ដោយ៖វណ្ណ សុជាតា

ads banner