ឯកឧត្តម ឆាយ គឹមខឿន៖កម្លាំងការពារសន្តិសុខជិត ១០ សម្រាប់ត្រៀមការពារយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត
ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងនៃការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងថា កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ និងកំលុងពេលនៃការបោះឆ្នោតខាងមុខមានចំនួនប្រមាណជិត ១០ ម៉ឺននាក់ ដែលនឹងត្រូវពង្រាយទៅតាមគោលដៅសំខាន់។ឯកឧត្តមអះអាងបែបនេះ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី ២១ ខែក្កដា និងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម ឆាយ គឹមខឿន ប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៧ ខែមិថុនាថា កម្លាំងការសន្តិសុខជិត១០ ម៉ឺននាក់នេះមកពីកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងប្រតិបត្តិការសឹក ដែលនឹងត្រូវបែងចែកជាដំណាក់កាលនីមួយៗ រួមមានដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងនៅក្រោយពេលការបោះឆ្នោត។ឯកឧត្តមបានថ្លែងថា៖ «កម្លាំងទាំងនេះ យើងបានបែកចែកភារកិច្ចយ៉ាងច្បាស់លាស់ សម្រាប់ការពារនៅតាមគោលដៅដូចជាទីស្នាក់ការរបស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង១ ៩៥២,ការពារការិយាល័យបោះឆ្នោត ទាំង២៣ ៧៨៩ ការិយាល័យ ព្រមទាំងកម្លាំងត្រៀមអន្តរាគមន៍ខាងក្រៅ ហើយក្រៅពីនោះកម្លាំងការពារហិបឆ្នោត ឯកសារបោះឆ្នោត និងឧបករណ៍សម្ភារៈ របស់គ.ជ.ប ដែលរៀបចំនៅតាមការិយាល័យបោះឆ្នោត»។
ឯកឧត្តមសង្កត់ធ្ងន់ថា ជាមួយគ្នានេះ ក៏មានកម្លាំងអន្តរាគមន៍ពិសេសនៅនឹងកន្លែង ដើម្បីត្រៀមដោះស្រាយ ហេតុការណ៍ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយ។ បន្ថែមពីនេះក៏មានកម្លាំងប្រើប្រាស់សម្រាប់ក្រុមការីវិទ្យុទាក់ទង ប្រមាណជាជិត ១ ០០០នាក់ផងដែរ ក្នុងពេលនោះ។
ចំណែកឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រាប់ឱ្យដឹងដែរថា ជារៀងរាល់ការបោះឆ្នោត គ.ជ.ប តែងតែមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ រៀបចំនិងពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខសង្គម សុវត្ថិភាព និងដំណើការប្រព្រឹត្តិទៅនៃការរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពប្រក្រតីភាពសម្រាប់ដំណើការបោះបោះឆ្នោតឱ្យប្រព្រឹត្តិទៅដោយរលូន។
ឯកឧត្តមបន្តថា ដោយឡែកចំពោះ ចំនួនកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលត្រៀមចូលរួមការពារសម្រាប់យុត្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតនៅពេលខាងមុខ ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច នៅពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋចេញទៅបោះឆ្នោតនិងឃោសនាកាន់តែច្រើន។ ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងថា៖ «ការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់»។
សូមរម្លឹកថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងចាប់ដំណើរការពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែកក្កដា ដោយក្នុងនោះ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ, គោលការណ៍, ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព៕
ដោយ៖គឹម យុត្ថារ៉ូ