រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញឱ្យមន្រ្តី ក.ប.ប.បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ
ក្រចេះ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក៏ដូចជាសាខា ក.ប.ប. ទាំងអស់បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ សំដៅអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព។
ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ ធ្វើឡើងក្នុងឱកាសលោកប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តក្រចេះ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ក៏ដូចជាសាខា ក.ប.ប. ទាំងអស់ឱ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀត ថ្នាក់ដឹកនាំនិងមន្រ្តី ក.ប.ប ត្រូវបន្តកសាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ជាមូលដ្ឋានដល់ការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ឱ្យមានការយល់ដឹងស៊ីជម្រៅ ទាំងមូលដ្ឋានបច្ចេកទេស និងមូលដ្ឋានច្បាប់។
តាមរយៈក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា ៖ «ត្រូវពង្រឹងសមត្ថភាពវិភាគ ដោយរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារការងារឱ្យបានច្បាស់លាស់ និងរៀបចំប្រព័ន្ធតាមដានទិន្នន័យចំពោះផលិតផលដែលមានហានិភ័យ និងបង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ សំដៅអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព»។
ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្តីក៏ណែនាំឱ្យបង្កើនសកម្មភាពអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីកំណត់បទល្មើសពាក់ព័ន្ធនឹងច្បាប់ទាំង៤ គឺច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាម្ហូបអាហារជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង ១២ ដែលត្រូវយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយ, ក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាឱ្យការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម ឱ្យប្រព្រឹត្តទៅប្រកបដោយសមធម៌ និងជឿទុកចិត្ត។
ឯកឧត្តមបានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូច មានសមត្ថភាពអាចធ្វើការវិភាគបឋមរកសារធាតុគីមី សំណល់ថ្នាំកសិកម្ម និងមេរោគចម្លងមួយចំនួន ហើយគោលបំណងនៃការរៀបចំឱ្យមានមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត គឺដើម្បីបង្ខិតសេវាវិភាគគុណភាពទំនិញឱ្យកាន់តែជិតទីផ្សារជនបទ និងទីប្រជុំជនតាមបណ្តាខេត្ត ងាយស្រួលក្នុងការវិភាគរកផលិតផលដែលមានភាពមិនអនុលោម ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។
ម៉្យាងវិញទៀតមន្ទីរពិសោធន៍ខ្នាតតូច ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែម និងបញ្ជាក់ឡើងវិញនូវលទ្ធផលដែលវិភាគដោយរថយន្តពិសោធន៍ចល័ត ដែលបានដាក់ពង្រាយនៅតាមបណ្តាខេត្តមួយចំនួនមានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។ នេះបើតាមការបន្ថែមពីឯកឧត្តម ប៉ាន សូរស័ក្តិ។
ជុំវិញរឿងការលើកឡើងនេះដែរ លោក មៀវ សុខទ្រី ប្រធានសមាគមចំណីអាហារកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៨ ខែមិថុនាថា បញ្ហាសុវត្ថិភាពចំណីអាហារនេះ ត្រូវមានការគិតគូរឱ្យបានហ្មត់ចត់ពីគ្រប់ភាគីពាក់ព័ន្ធ ខណៈដែលសមាគមព្រួយបារម្ភថា ចំណីអាហារដែលនាំចូល និងគ្មានការត្រួតពិនិត្យបានត្រឹមត្រូវអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោកថ្លែងថា «ដូចដែលយើងដឹងស្រាប់ហើយ ការដឹងពីសារធាតុគីមី ឬមេរោគនៅលើចំណីអាហារ មិនអាចប្រើនឹងភ្នែកទទេរបានទេ គឺត្រូវមានឧបករណ៍ទំនើបពិនិត្យ និងតាមដាន។ យើងចង់ឱ្យមានមន្រ្តីជំនាញចុះត្រួតពិនិត្យឱ្យបានច្រើន ជាពិសេសនៅកន្លែងបោះដុំចំណីអាហារ មុននឹងធ្វើការចែកចាយទៅតាមហាង ឬផ្សារនានា ដើម្បីអាចធានាបានថា ចំណីអាហារទាំងនោះមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ»៕
ដោយ៖វណ្ណ សុជាតា
