ព្រឹទ្ធសមាជិកស្នើឲ្យបញ្ជូនសំណុំរឿងលោក Pita ទៅតុលាការធម្មនុញ្ញ
បាងកក៖ សមាជិកព្រឹទ្ធសភាថៃបានជំរុញឲ្យគណៈកម្មាការរៀបចំការបោះឆ្នោត ស្នើឱ្យតុលាការធម្មនុញ្ញជួយអន្តរាគមន៍ ក្នុងសំណុំរឿងប្រឆាំងនឹងលោក Pita។
Read. គណៈកម្មាការព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយរបបយោធា កាលពីថ្ងៃពុធ សប្តាហ៍នេះ បានស្នើឱ្យគណៈកម្មាការរៀបចំការបោះឆ្នោត (EC) បញ្ជូនសំណុំរឿង «ភាគហ៊ុនដ៏ចម្រូងចម្រាសយ៉ាងខ្លាំង» ប្រឆាំងនឹងមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ទៅកាន់តុលាការធម្មនុញ្ញ។
ព្រឹទ្ធសមាជិក Seree Suwanpanont ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយរបស់ព្រឹទ្ធសភា បានទៅទស្សនកិច្ច នៅការិយាល័យរបស់គណៈកម្មការរៀបចំការបោះឆ្នោត រៀបចំកិច្ចប្រជុំបិទទ្វារ ជាមួយប្រធានគណៈកម្មការរៀបចំការបោះឆ្នោត គឺលោក Ittiporn Boonpracong។
ពួកគេបានពិភាក្សាអំពីការកាន់កាប់ភាគហ៊ុន ដែលត្រូវបានចោទប្រកាន់ទៅលើ លោក Pita នៅក្នុងក្រុមហ៊ុនមួយ ដែលត្រូវបានដកចេញពីផ្សារហ៊ុនថៃ ក្នុងឆ្នាំ ២០១៤ ។
ព្រឹទ្ធសមាជិក Seree Suwanpanont ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភាមួយចំនួន ដែលបានប្តេជ្ញាជាសាធារណៈថា នឹងមិនគាំទ្រការប៉ុនប៉ងរបស់ លោក Pita ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃ។
លោក Seree បាននិយាយថា លោក និងសមាជិកព្រឹទ្ធសភាជាច្រើនរូបទៀត នឹងមិនបោះឆ្នោតឲ្យលោក Pita ទេ ព្រោះគណបក្សរបស់លោកបានសន្យាធ្វើវិសោធនកម្មមាត្រា ១១២ ដែលគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ។
លោក Seree Suwanpanont បានថ្លែងថា ភស្តុតាងត្រូវបានព្រឹទ្ធសភាទទួលហើយ ប៉ុន្តែលោកមិនបានបង្ហាញខ្លឹមសារនៃភស្តុតាងនោះទេ៕ ប្រភពពី The Nation ប្រែសម្រូល៖ សារ៉ាត

