សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អត្ថប្រយោជន៍ដល់មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ដូចកម្មការិនីរោងចក្រដែរ

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់ មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ព, សម្ដេចតេជោ ក៏បានប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុនសែន បានសម្រេចឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងការងារ រៀបចំនូវគោលនយោបាយថ្មីមួយទៀត ដើម្បីជួយដល់បុគ្គលិកមន្ត្រីរាជការ និងមន្ត្រីចុះកិច្ចសន្យារបស់រដ្ឋ ដែលមានផ្ទៃពោះ ទទួលបានអត្ថប្រយោជន៍បន្ថែមដូចកម្មករផងដែរ។ សម្ដេចក៏បានចុះហត្ថលេខាលើអនុក្រឹត្យមួយរួចហើយ ដោយនឹងចាប់អនុវត្តនៅក្នុងខែសីហាខាងមុខ ទៅលើគោលនយោបាយថ្មីរបស់រដ្ឋ ទាក់ទងជាមួយនឹងកម្មការិនីមានផ្ទៃពោះ ។

គោលនយោបាយថ្មីនឹងផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការិនីដែលចាប់ផ្ដើមមានផ្ទៃពោះត្រូវទទួលបាននោះគឺនៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះការទៅពិនិត្យផ្ទៃពោះម្ដងគឺរដ្ឋនឹងឧបត្ថម្ភប្រាំបីម៉ឺនរៀល ខណៈឆ្លងទន្លេបានកូនមួយ និងត្រូវបានឧបត្ថម្ភ ៨០ម៉ឺនរៀល ភ្លោះ២ ទទួលបាន ១លានរៀល និងភ្លោះបីទទួលបាន ១លាន៤សែនរៀល។ បន្ទាប់ពីនោះ គឺនឹងទទួលបានការឧបត្ថម្ភទៅលើការពិនិត្យសុខភាពម្ដាយកូនចំនួន ១០ដងទៀតដែលក្នុងម្ដងក៏ទទួលបាន ៨ម៉ឺនរៀលផងដែរ។

បន្ថែមលើនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសផងដែរថា គោលនយោបាយនេះក៏នឹងត្រូវអនុវត្តចំពោះមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋផងដែរ ដោយបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងពាក់ព័ន្ធ ឲ្យរៀបចំនូវគោលនយោបាយនេះផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner