ការនាំចេញរបស់ថៃ ធ្លាក់ចុះ៨ខែ ជាប់ៗគ្នា
បាងកក៖ តម្លៃនៃការនាំចេញរបស់ថៃ ក្នុងខែឧសភា បានធ្លាក់ចុះ ៤.៦% បើធៀបនឹង ពេលដូចគ្នា កាលពីឆ្នាំមុន ហើយក៏ជាការធ្លាក់ចុះ ៨ខែជាប់ៗគ្នាដែរ។
តម្លៃការនាំចេញទំនិញរបស់ប្រទេសថៃទៅក្រៅប្រទេស កាលពីខែឧសភា បានធ្លាក់ចុះមកនៅត្រឹម ២៤.៣៤ ពាន់លានដុល្លារអាមេរិក ពោលធ្លាក់ចុះ ៤.៦ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០២២ ដែលជាការធ្លាក់ចុះរយៈពេលប្រាំបីខែ ជាប់ៗគ្នា ដោយសារតែការធ្លាក់ចុះនៃការជួញដូរសកល។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ លោក Keerati Rushchano បាននិយាយថា ទោះបីជាផលិតកម្មឧស្សាហកម្មសកលបានកើនឡើង បន្ទាប់ពីការបន្ធូរបន្ថយនៃបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ក៏ការបញ្ជាទិញនាំចេញថ្មីមិនបានកើនឡើងគួរ ឱ្យកត់សម្គាល់នោះទេ។
លោកបានមានប្រសាសន៍ថា នេះគឺដោយសារតែគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ធនាគារកណ្តាលបានដាក់ការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការចំណាយរបស់អាជីវកម្ម និងអ្នកប្រើប្រាស់។
ទន្ទឹមនឹងនេះដែរ ការនាំចូលក្នុងខែឧសភា មានចំនួន ២៦.១៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៣.៤% ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ១.៨៥ ពាន់លានដុល្លារ។
ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ ការនាំចេញឈានដល់ ១១៦.៣៤ ពាន់លានដុល្លារ ធ្លាក់ចុះ ៥.១% បើធៀបនឹងប្រាំខែដំបូង នៃឆ្នាំ២០២២។ ការនាំចូលក្នុងអំឡុងពេលពីខែមករា ដល់ខែឧសភា មានចំនួន ១២២.៧១ ពាន់លានដុល្លារ ធ្លាក់ចុះ ២.៥% ដូច្នេះឱនភាពពាណិជ្ជកម្មសម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៣ មានចំនួន ជាង៦ ពាន់លានដុល្លារ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត