សម្តេចតេជោ ហ៊ុន សែន ព្រមាន និងសូមឲ្យអ្នកបង្ហោះហ្វេសបុក ដកចេញជាបន្ទាន់ នូវព័ត៌មានមិនពិតថា មានយន្តហោះគ្មានមនុស្សបើក ៣គ្រឿង ហោះចូលដែនអាកាសកម្ពុជា

ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា មានហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានយន្តហោះ គ្មានមនុស្សបើក បានហោះហើរចូលក្នុងដែនអាកាសរបស់កម្ពុជា ។

សម្តេចបានបញ្ជាក់ថា ពុំមានយន្តហោះគ្មានមនុស្សបើក ហោះកាត់ទឹកដីកម្ពុជានោះទេ គិតត្រឹមម៉ោង ជិត១១យប់ថ្ងៃទី២៨ ខែ មិថុនានេះ។

សម្តេចតេជោ បានបញ្ជាក់លើករណីនេះថា មានយន្តហោះពាណិជ្ជកម្ម ចំនួន ៣គ្រឿង ហោះកាត់ខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់ របស់មេបញ្ជាការកងទ័ពជើងគោកស្ដីទី និងមេបញ្ជាការអង្គរក្ស ដែលជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងនាយសេនាធិការចម្រុះនៅទីនោះ ។

សម្តេចតេជោ បន្តថា យន្តហោះគ្មានមនុស្សបើក គឺខុសប្លែកពីយន្តហោះពាណិជ្ជកម្ម ដែលនឹងត្រូវហោះឆ្លងដែនអាកាស របស់យើងឆ្ពោះទៅកាន់ទីកន្លែងដទៃទៀត ប្រសិនជាមានការបាញ់យន្តហោះនោះ គឺវាគ្រោះថ្នាក់ធំធេងណាស់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យបញ្ឈប់ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយនេះ ។ ជាមួយគ្នានេះ សម្តេច បានប្រាប់ឱ្យអគ្គស្នងការនគរបាលជាតិ ត្រួតពិនិត្យលើហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបែបនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner