ភ្លើងឆេះព្រៃនៅកាណាដា ប៉ះពាល់គុណភាពខ្យល់ នៅអាមេរិក ជាថ្មី
វ៉ាស៊ីងតោន ឌីស៊ី៖ ភ្លើងឆេះព្រៃនៅប្រទេសកាណាដា នាំមកនូវខ្យល់អាកាសមិនល្អប៉ះពាល់ដល់សុខភាពជាថ្មីម្តងទៀត នៅអាមេរិកភាគខាងជើង។
ផ្សែងចេញពីភ្លើងឆេះព្រៃរបស់ប្រទេសកាណាដាបានកំពុងបង្កការបំផ្លិចបំផ្លាញដល់គុណភាពខ្យល់ នៅទូទាំងរដ្ឋ Ontario របស់កាណាដា និងបណ្តារដ្ឋរាប់សិបទៀត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ សប្តាហ៍នេះ។
អ្នកឃ្លាំមើលបានព្រមានអំពីស្ថានភាពមិនល្អខ្លាំង ឬ គ្រាអាសន្នដែលកំពុងប្រឈមមុខនឹងមនុស្សរាប់លាននាក់ ជាពិសេស នៅទីក្រុង Detroit និង Chicago ។ ការជូនដំណឹងត្រូវបានចេញផ្សាយពីរដ្ឋ Ontario, ពីភាគខាងជើងរដ្ឋ Minnesota និង Michigan ឆ្លងកាត់ទៅកាន់ទីក្រុង New York និងចុះទៅរដ្ឋភាគអាគ្នេយ៍ North Carolina និង Georgia ដែលជាលក្ខខណ្ឌខ្យល់ដ៏គ្រោះថ្នាក់ចុងក្រោយបំផុត នៅក្នុងតំបន់ Great Lakes និង Mid-Atlantic របស់អាមេរិកខាងជើង។
ការជូនដំណឹងអំពីគុណភាពខ្យល់កើតឡើង នៅពេលដែលសហរដ្ឋអាមេរិកភាគខាងត្បូង និងកណ្តាលខាងលិចស្រុតចុះ ក្រោមរលកកំដៅដ៏ឃោរឃៅ ដែលកំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់ ដោយសេវាអាកាសធាតុជាតិបានចេញការព្យាករណ៍សន្ទស្សន៍កំដៅរហូតដល់ ១១៥អង្សាហ្វារិនហៃ (៤៦អង្សាសេ) នៅថ្ងៃពុធ សប្តាហ៍នេះ នៅភាគខាងជើង និងកណ្តាល រដ្ឋតិចសាស់ នេះបើតាមទីភ្នាក់ងារការពារបរិស្ថានអាមេរិក ដែលបាននិយាយ នៅលើកម្មវិធី App AirNow របស់ខ្លួន។
យន្តហោះ Air Force One របស់ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេមើលឃើញហោះហើរ នៅទីក្រុង Chicago កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយឆ្លងកាត់ស្រទាប់ផ្សែង និងអ័ព្ទដ៏ក្រាស់ នេះបើយោងតាមរបាយការណ៍របស់សេតវិមាន មុនពេលលោកថ្លែងសុន្ទរកថា អំពីបញ្ហាសេដ្ឋកិច្ច នៅទីនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


