អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រចេះ៖ អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ មានសមត្ថភាពអាចធ្វើការវិភាគបឋមរកសារធាតុគីមី សំណល់ថ្នាំកសិកម្ម និងមេរោគចម្លងមួយចំនួន ហើយគោលបំណងនៃការរៀបចំឱ្យមានមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត គឺដើម្បីបង្ខិតសេវាវិភាគគុណភាពទំនិញឱ្យកាន់តែជិតទីផ្សារជនបទ និងទីប្រជុំជនតាមបណ្តាខេត្ត ងាយស្រួលក្នុងការវិភាគរកផលិតផលដែលមានភាពមិនអនុលោម ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។ ម៉្យាងវិញទៀត មន្ទីរពិសោធន៍ខ្នាតតូច ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែម និងបញ្ជាក់ឡើងវិញនូវលទ្ធផលដែលវិភាគដោយរថយន្តពិសោធន៍ចល័ត ដែលបានដាក់ពង្រាយនៅតាមបណ្តាខេត្តមួយចំនួន ដូចជា ៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកបញ្ហាម្ហូបអាហារជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង ១២ ដែលត្រូវយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយ, ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌ និងជឿទុកចិត្ត។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រៅពីអគារមន្ទីរពិសោធន៍គោលនៅថ្នាក់កណ្តាល ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប. បានសាងសង់អគារមន្ទីរពិសោធន៍ខ្នាតតូច និងអគាររដ្ឋបាលនៅតាមបណ្តាខេត្តចំនួន ១៦អគារ ដោយក្នុងឆ្នាំ២០២៣ នេះ គម្រោងអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ២បន្ថែមទៀត កំពុងដំណើរការសាងសង់ ហើយនៅឆ្នាំ២០២៣ខាងមុខ ក្រសួងពាណិជ្ជកម្មនឹងលើកគម្រោងស្នើសុំសាងសង់ អគារចំនួន២ បន្ថែមទៀតនៅខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានបន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួន សម្រេចបានលទ្ធផលល្អប្រសើរបន្តទៀត ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ ការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ពង្រីកពាណិជ្ជកម្មក្នុងស្រុក-ក្រៅស្រុក និងកាត់បន្ថយការនាំចូល ធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner