ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ កម្មការីនីនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ ដែលជំនួបនេះ គឺជាជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ២០ ២៣ មក ហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោ សម្រាកក្នុងយុទ្ធ នា ការឃោសនាបោះឆ្នោត ខណៈសម្តេច បានប្រកាសថា នឹងបន្តការចុះ ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្រោយការបោះឆ្នោតរួចរាល់ ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១០ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ចូលរួមសំណេះសំណាលជាមួយសម្តេចតេជោនេះ មានទីតាំងនៅ ក្រុង ពោធិ៍ សាត់ចំនួន១, ស្រុកក្រគរចំនួន៨ និងស្រុកបាកានចំនួន ១។ រោងចក្រទាំង១០នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិត គ្រឿង អេឡិចត្រូនិចចំនួន៥, ដំឡើងរថយន្តចំនួន១ និងផលិតផល កសិកម្ម ចំនួន១។
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់ មានរោងចក្រ សហគ្រាសចំនួន២០៩ មានកម្មករ និយោ ជិតប្រមាណ ១ម៉ឺន ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៣១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ ដេរ ចំនួន៣ មានកម្មករនិយោជិត សរុបជាង ៦ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តពោធិ៍សាត់ ជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនក្នុងវិស័យកាត់ដេរ រួមទាំងកម្មន្តសាល ស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។ល។
សូមរំលឹកថា ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០ ១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប សំណេះសំណាល ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត ចំនួន ប្រមាណ ១លាននាក់។
ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ ជ ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត បានជោគជ័យ។
បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។
សម្រាប់ជំនួបជុំទី២ ដែលមានចំនួន១៩លើក សម្តេចតេជោ បានជួប សំណេះ សំណាលជាមួយកម្មករ និយោជិតសរុបជិត ៣៤ម៉ឺននាក់។ ក្នុងជំនួបជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល ភាព ដល់ កម្ម ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។
ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង ផ្តល់ ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពល របស់ រាជ រដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមាន រហូត ដល់ ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕ ដោយ វណ្ណលុក