រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ សម្រាប់ទាក់ទាញទេសចរធម្មជាតិ

ខេត្តសៀមរាប ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ច នៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ ឋិតនៅក្នុង ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីសក្តានុពលនៃការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងបានពិនិត្យមើលទីតាំង ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលមួយចំនួនដែលត្រូវបានរៀបចំ កែច្នៃ និងអភិវឌ្ឍក្នុងរយៈកាលកន្លង ក្រោមការចូលរួមពីប្រជាសហគមន៍ផ្ទាល់ និងថវិកាមូលនិធិពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ប្រជាសហគមន៍ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ដែលក្រសួងបានប្រគល់ឱ្យ តាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរប្រកបដោយគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូវមានភាពស្មោះត្រង់នឹងគ្នា មានសាមគ្គីភាពគ្នា និងត្រូវចេះធ្វើការរួមគ្នា ដោយមិនត្រូវធ្វើការកាប់បំផ្លាញព្រៃឈើដើម្បីតែផលប្រយោជន៍ផ្ទាល់ តែត្រូវចេះរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិដែលនៅសេសសល់ សម្រាប់ទុកជាផលប្រយោជន៍រួមរយៈពេលយូរអង្វែងទៅមុខ៕ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner