ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សូមថ្លែងអំណរគុណដល់សប្បុរសជនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគណៈអ៊ីមាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា, ពេលវេលា និងកម្លាំងកាយ-ចិត្ត ចូលរួមកសាងសមិទ្ធផលទាំងនេះ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភារធារីអមស្ថានទូតនៃបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមក្នុងឱកាសនេះ ធ្វើឱ្យកម្មវិធីនេះ កាន់តែមានភាពមហោឡារិកអធិកអធម ព្រមទាំងបានសរបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមនៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស, ប្រជាជន និងប្រជាជន ឱ្យកាន់តែមានមានភាពជិតស្និទ្ធលើគ្រប់វិស័យ ។

ឯកឧត្តម បណ្ឌិត បន្តថា ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល ។ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត ។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជាជារួម នៅក្រោមបរិយាអំណោយផលសំខាន់ចំនួន ៣ គឺ៖ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះលោកតាលោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានជឿជាក់ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និង រាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដ៏លំបាក និងគ្រោះថ្នាក់បំផុត គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជីវិតពីការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ។ ទិន្នន័យដ៏ច្រើនលើសលប់នៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំង គឺបានបង្ហាញអំពីគាំទ្រ និងការជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រជាជនមានគ្រោះអាសន្ន និងត្រូវការអ្នកជួយសង្គ្រោះ ។ ដូច្នេះ សូមប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ តាមរយៈការអនុវត្តសិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយមួយ ដែលខ្លួនពេញចិត្ត និងសូមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕ ដោយ ៖ ក្រុមការងារគណបក្សប្រជាជន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner